(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយបច្ចេកទេសសុខាភិបាល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានលើកឡើងពីសញ្ញាមួយចំនួន ដែលបង្ហាញថាមានជំងឺផ្លូវចិត្ត ដែលរួមមានការហូបមិនសូវបាន ការសម្រាន្ដមិនលក់ មានអារម្មណ៍ ឬឥរិយាបទខុសប្លែកពីធម្មតា។

លោកបញ្ជាក់ថា បើក្រុមគ្រួសារសង្កេតឃើញថាបានបញ្ហាបែបនេះ សូមប្រញាប់នាំគាត់ទៅពិគ្រោះសុខភាព ជាមួយគ្រូពេទ្យជំនាញ ព្រោះការប្រញាប់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ គឺអាចឱ្យគ្រូពេទ្យផ្ដល់ដំបូន្មានណែនាំ និងការព្យាបាលទៅតាមសភាព និងរោគសញ្ញា ដើម្បីឱ្យសភាពត្រលប់មកធម្មតាមវិញ។

លោកបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជំងឺផ្លូវចិត្ដបានកើនឡើងពីប្រមាណ ១០% ក្នុងឆ្នាំ២០០១ មក១៣% នៅឆ្នាំ២០២២ នៅលើសកលលោក។

ការថ្លែងដូច្នេះរបស់មន្ដ្រីជាន់ខ្ពស់រូបនេះ ក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយគម្រោងស្ដីពី «ការលើកកម្ពស់សុខភាពផ្លូវចិត្ដ ក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ដ» នៅរាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ កំពង់ឆ្នំាង បាត់ដំបង និងខេត្ដសៀមរាប ដែលប្រពឹ្រត្ដទៅនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នាសណ្ឋាគារសាន់វេ។

លោកអគ្គនាយកបច្ចេកទេសរូបនេះបានបន្ដថា ការកើនឡើងនៃជំងឺផ្លូវចិត្ដនេះ ពីប្រមាណ ១០% ក្នុងឆ្នាំ២០០១ មក១៣% នៅឆ្នាំ២០២២ ដោយសារតែបញ្ហាសកល វិបត្ដិជំងឺកូវីដ១៩ និងការបម្រែបម្រួលអាកាសធាតុ និងកត្ដាជំរុញជាច្រើនទៀតនៅក្នុងសហគមន៍។ សម្រាប់នៅកម្ពុជា ក៏មានកើនឡើងដែរនៅឆ្នាំ២០២២កន្លងទៅនេះ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក៏គូសបញ្ជាក់ថា «ជំងឺផ្លូវចិត្ដ ជាបញ្ហាជាសកល មិនមែនមានតែនៅកម្ពុជាយើងទេ។ ដោយឡែកសម្រាប់កម្ពុជាយើង ការពង្រឹងក្នុងការផ្ដល់សេវាថែទាំសុខភាពជាបឋមនេះ ចាប់មានឡើងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យថ្នាក់ជាតិ និងខេត្ដ ដែលមានជំនាញឯកទេស ក្នុងការព្យាបាល ប៉ុន្ដែសញ្ហាសុខភាពផ្លូវចិត្ដនេះ គឺជាការឆ្លើយតបជាលក្ខណៈពហុវិស័យ ដែលមានក្រសួងពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួម ហើយមួយសំខាន់ទៀត គឺគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលមានអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួម ធ្វើយ៉ាងណាឱ្យមានសុខដុមនីយកម្មនៅក្នុងសហគមន៍»

បច្ចុប្បន្ននៅលើសកលលោក បញ្ហាសុខភាពផ្លូវចិត្ដ គឺជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ដែលអង្គការសហប្រជាជាតិ បានដាក់បញ្ជូលទៅក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ពិសេសក្នុងគោលដៅ ៣.៤ សំដៅពង្រឹងវិធីបង្ការ និងព្យាបាលជំងឺផ្លូវចិត្ដ ឱ្យកាន់តែទូលំទូលាយថែមទៀត។ ដូចនេះកិច្ចប្រជុំនៅថ្ងៃនេះ បង្ហាញពីកិច្ចសហប្រតិបត្ដិការល្អក្នុងភាពជាដៃគូ ក្នុងការលើកកម្ពស់និងពង្រឹងកិច្ចសហប្រតិបត្ដិការរវាងក្រសួងសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយផ្ដោតទៅលើការថែទាំសុខភាពផ្លូវចិត្ដនៅក្នុងសហគមន៍ ដើម្បីគាំទ្រដល់ការគ្របដណ្ដប់សុខភាពជាសកល និងភាពធន់នៃប្រព័ន្ធសុខាភិបាល។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត។

គួរបញ្ជាក់ថា សុខភាពផ្លូវចិត្ដ គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល ។ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា «គ្មានសុខភាពណាដែលគ្មានសុខភាពផ្លូវចិត្ដទេ»។ ការប៉ះទង្គិចមិនមែនកើតមានតែក្នុងគ្រោះមហន្ដរាយ ដូចជាសង្គ្រាមនោះទេ វាអាចកើតឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ ដូចជាអំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរ ភាពស្លុតរន្ធត់ ដែលបានជួបប្រទះដោយផ្ទាល់ ដោយមិនផ្ទាល់ មានជាអាទិ៍អំពើចារកម្ម ការទស្សនារូបភាព ឬខ្សែភាពយន្ដ និងទំព័រសារព័ត៌មានជាដើម។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈា្លសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្រសួងសុខាភិបាល បានលើកកម្ពស់សុខភាពផ្លូវចិត្ដ ដោយបានដាក់បញ្ជូលសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្ដ នៅតាមមូលដ្ឋានសុខាភិបាល ដែលមានកម្រិតឯកទេស កម្រិតមូលដ្ឋាន និងកម្រិតបឋម។ ជាលទ្ធផល ក្រសួងសុខាភិបាលបានដាក់ឱ្យដំណើរការ សេវាពិនិត្យព្យាបាលជំងឺផ្លូវចិត្ដ នៅតាមកម្រិតឯកទេសនៅតាមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែក រាជធានីខេត្ដ បានចំនួន ១០កន្លែង និងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យបង្អែកខេត្ដស្រុកចំនួន ៩៧កន្លែង និងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥កន្លែង៕