(សៀមរាប)៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១៨៧៥នាក់ នៅសាកលវិទ្យាល័យ សៅស៍អ៊ីសថអយសៀ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាសៀមរាប។

ពិធីនេះដែរក៏មានការចូលរួមពីលោកបណ្ឌិត សឿន សុវណ្ណ ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ សៅស៍រីសជីររយសៀ លោក ឃឹម ហ្វីណង់អភិបាលរងខេត្តសៀមរាប និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតជ័យលាភីចូលរួមផងដែរ។

លោក ស សុខា សូមចូលរួមអបអរសាទរដល់និស្សិតដែលទទួលបានជ័យលាភីទាំងអស់ ហើយការជោគជ័យនូវថ្ងៃនេះជាការចាប់ផ្តើមយកចិត្តទុកដាក់ខ្ពស់ ដោយពង្រឹងសមត្ថភាព ផ្ដល់ឱកាសស្វែងយល់បន្ថែមអំពីអ្វីទៅក្នុងការពង្រឹង ការសិក្សា និងពង្រឹងវិស័យសង្គមជាតិ តាមរយៈការពង្រឹងសមត្ថភាពរបស់បុគ្គលនីមួយៗ។

លោក ស សុខា បានបន្តថា ការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា ១០០នាក់ដែលរៀនពីថ្នាក់មត្តេយ្យដល់ចប់ថ្នាក់ទី១២ មានចំនួន៥០នាក់ ហើយក្នុងចំណោម៥០នាក់នេះ បើគិតជា១០០ភាគរយ នៅសល់តែ៥០ភាគរយ ដែលបានរៀនចប់តាមអ្វីដែលយើងចង់បាន។ នេះហើយជាហានិភ័យខ្ពស់ដែលយើងខំប្រឹងប្រែងពង្រឹងនីតិវិធីនៅក្នុងការបង្រៀន ប៉ុន្តែពេលខ្លះវាខុសជ្រុងនៃមុំដែលយើងចង់បាន និងលះបង់បន្តបន្ទាប់កាន់តែធំទៅៗ ហើយកត្តាដែលលះបង់ការសិក្សានេះ មានច្រើនដូចជា កត្តាបុគ្គល កត្តាគ្រួសារជាដើម។

លោក ស សុខា បានថ្លែងអំណរគុណលោកឪពុកអ្នកម្ដាយ ដែលបានលះបង់ច្រើន ជាពិសេសសុខទុក្ខរបស់ខ្លួន លុយដែលត្រូវចាយទៅកូនទី២ ឬកូនទី៣ តែត្រូវបង្ខំយកមកឲ្យកូនទី១ ឬក៏ជាកូនទោលនៅល្នុងគ្រួសារ និងអរគុណលោកឪពុកអ្នកម្ដាយ ដែលបានបំពេញតាមចំណង់ចំណូលចិត្តដែលកូនចង់។ កន្លងមកនេះ នៅឆ្នាំ២០២០ អត្រាអ្នកដែលលះបង់ការសិក្សាដោយសារការងារមានរហូតទៅដល់ជិត ៤២ភាគរយ ដោយសារថវិកា និងចំណូលផ្ទាល់ខ្លួន ហើយឪពុកម្ដាយដើរតួសំខាន់ណាស់ក្នុងកិច្ចការនេះ ហើយនៅក្នុងឆ្នាំ២០២២នេះ ធ្លាក់មកនៅសល់៣២ភាគរយ នេះបញ្ជាក់ថា ឪពុកម្ដាយដើរតួនាទីសំខាន់ណាស់ក្នុងការសិក្សារបស់កូនៗ។

លោកបណ្ឌិត សឿន សុវណ្ណ បានថ្លែងថា ដោយសារមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អនុញ្ញាតឱ្យវិស័យ​អប់រំឯកជនចូលរួមអភិវឌ្ឍប្រទេសជាតិតាមរយៈការ​អភិវឌ្ឍធនធានមនុស្ស។

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​ឯកជនមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ មានការទទួលស្គាល់ដោយ​រាជរដ្ឋាភិបាលកម្ពុជា​តាម​អនុក្រឹត្យ​លេខ៦៣ អនក្រ.បក ចុះ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ដើម្បីបណ្តុះ​បណ្តាល​កម្មវិធីអប់រំ​ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សំដៅ​អភិវឌ្ឍធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព និងមាន​ឥរិយាបថល្អ​ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ ដែលពួក​គេ​អាចធ្វើការងារ ព្រមទាំងរស់នៅក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម និ​ង​សង្គមពុទ្ធិ។

លោកបណ្ឌិត បានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យ​ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា យុទ្ធសាស្រ្តចតុ​កោណ​​របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានកំណត់នូវចក្ខុវិស័យ និងបេសកកម្ម​​ច្បាស់លាស់​ ព្រមទាំង​បានបង្កើតផែនការយុទ្ធសាស្ត្រឆ្នាំ២០០៦-២០១០ ផែនការយុទ្ធសាស្ត្រឆ្នាំ២០១០-២០១៤ ផែនការយុទ្ធសាស្ត្រឆ្នាំ២០១៥-២០១៩ និងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៤ ដើម្បី​បណ្ដុះបណ្ដាល​កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សំដៅ​​ចូលរួមអភិវឌ្ឍ​ប្រទេសជាតិ។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និង​សាស្ត្រាចារ្យក្នុងការ​អនុវត្ត​ផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ​បានប្រែក្លាយ​សាកលវិទ្យាល័យ​ឱ្យមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុងព្រះរាជាណា​ចក្រ​​កម្ពុជា មានការទទួលស្គាល់ និងគាំទ្រពីអ្នកសិក្សា ស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសមិទ្ធផល​ចម្បងៗជាច្រើនផងដែរ៕