(ភ្នំពេញ)៖ បុរស​ម្នាក់​មាន​តួនាទី​ជា​អតីត​ប្រធានការិយាល័យ អូស្ត្រាលី ញូស្ហេឡង់​ នៅនាយកដ្ឋាន​អាស៊ី២ នៃ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​កាត់ទោស​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ​ ដោយ​មាន​លោក​ វ៉េង​ ហ៊ត់​ អនុប្រធាន​សាលាដំបូង​រាជធានី​ ជា​ចៅក្រម​ជំនុំជម្រះ​។

លោក អ៊ា​ សែ​ ត្រូវបាន​លោក​ ឃី​ ឆៃ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​រសៀល​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​វិតិក្រម​ តាម​មាត្រា​៥៩២​ និង​ ៥៩៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​​ តាម​រូបភាព​ទទួល​លុយ​ពី​ក្រុមហ៊ុន​បរទេស​ ​ដើម្បី​ប្រថាប់ត្រា​បញ្ជាក់​លើ​ឯកសារ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ មន្ត្រី​ក្រសួង​ការបរទេស​រូប​នេះ​ ឈ្មោះ​ អ៊ា​ សែ​ អាយុ​៤២ឆ្នាំ​ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ឃាត់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ក្នុង​ក្រសួង​ការបទេស​ ​។

បទល្មើស​វិតិក្រម​ ត្រូវ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ ទៅ​១០លាន​រៀល​៕