(ភ្នំពេញ)៖ នេះជាលើកទី២សម្រាប់តារាចម្រៀង របស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បាន​ឡើ​ងបង្ហាញវត្តមាន នៅលើ Page Facebook របស់សម្តេចតេជោ ហ៊ុន សែន ខណៈរឿងអាស្រូ​វ នៃ​ការបែកធ្លាយរូបអាក្រាតកាយ នៅតែមិនទាន់មានតម្រុយ ស្វែងរកចាប់ជនអនាមិក​ឃើញ នៅ​ឡើយនោះ។

​បន្ទាប់ពីមានការលើកទឹកចិត្ត និងជួយជ្រោមជ្រែង យ៉ាងខ្លាំង​ពីសំណាក់ អ្នកគាំទ្រ ក៏ដូចជាសិល្បៈដូចគ្នា បានធ្វើឲ្យតារាចម្រៀង កញ្ញា វ៉ាន់ នីឡា ដែលកំពុងតែជួបប្រទះ នូវរឿងរ៉ាវអាស្រូវ បែកធ្លាយរូបភាពស្រាត មានកម្លាំងចិត្ត និងអារម្មណ៍ធូរស្រាល​រឹងប៉ឹងឡើងវិញ ដើម្បីជំនះតស៊ូ នៅក្នុង​សមរភូមិសិល្បៈ​ជាបន្ត​ទៀត។ ជាមួយនឹងភាពស្រស់ស្រាយ​ ឡើងវិញនេះ តារាចម្រៀង វ៉ាន់ នីឡា ក៏បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយ​នឹងអ្នកនាង ចន ច័ន្ទលក្ខិណា ផ្សាយផ្ទាល់ក្នុង Page Facebook សម្ដេចតេជោ ហ៊ុន សែន រៀបរាប់ខ្លះៗ ពីប្រវត្តិមុននឹងនាងក្លាយ​ជា​ តារាចម្រៀងល្បី រហូតមកដល់សព្វថ្ងៃនេះ។

តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បាននិយាយ​នៅក្នុងឱកាសនោះថា «ក្រោយពីមានការលើកទឹកចិ​ត្ត​ជា​ច្រើន ពីសំ​ណាក់ទស្សនិកជន បានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ដើម្បីបន្តការតស៊ូ​ទៅ​​​មុខ ហើយកំហុសខ្ញុំទទួលស្គាល់ តែអ្វីដែលសំខាន់ដែលចង់បានបំផុតនោះ គឺការលើកទឹ​ក​ចិ​ត្ត ពីមជ្ឈដ្ឋានមហាជន!»។​

វ៉ាន់ នីឡា បានប្រាប់ថា មុននឹងនាងក្លាយជាតារាចម្រៀង មានទ្រនំជ្រកត្រឹមត្រូវ ពីដំបូងនាងក៏ធ្លាប់ជាតារាចម្រៀង ច្រៀងតាមរោងការ និងតាមកម្មវិធីផ្សេងៗផងដែរ ដោយសារតែការពេញចិត្ត និងចូលចិត្តអាជីពជាតារាចម្រៀង។ រហូតមកដល់ពេល​ធំដឹងក្ដី នាងក៏បានសុំបងប្រុស គឺលោក សុខ ជំនោរ ដើម្បីបានចូលច្រៀងក្នុងផលិតកម្ម ប៉ុន្តែបងប្រុសប្រាប់ថា នាងនៅក្មេងកុំទាន់ចង់ច្រៀងអី ធ្វើឲ្យរូបនាងចេះតែទទូចព្យាយាម​ ម្ដងហើយម្ដងទៀត ទម្រាំបងប្រុសដាច់ចិត្តជ្រើសយកនាង ឲ្យចូលច្រៀង។

ចង់ដឹងថា តើតារាចម្រៀង វ៉ាន់ នីឡា មានប្រវត្តិតស៊ូយ៉ាងណា មុននឹងបានចូលប្រឡូកក្នុងសិល្បៈ សមតាមបំណងរបស់នាង សូមទស្សនាកិច្ចសម្ភាសន៍​ទាំងស្រុង ដូចខាងក្រោម៖