(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ពុំបានបើកសវនាការជំនុំជម្រះលើសំណុំរឿងទីលានប្រជាធបិតេយ្យ ដូចការគ្រោងទុកនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះទេ ដោយសារតែថ្ងៃនេះឧទ្ធរណ៍ជាប់រវល់នឹងសំណុំរឿង «មិនចូលខ្លួនរបស់ លោក កឹម សុខា»។ ប៉ុន្តែទោះជាយ៉ាងណា សាលាឧទ្ធរណ៍នឹងបើកសវនាការ លើសំណុំរឿងប្រជាធបិតេយ្យ នៅថ្ងៃទី៦ ខែកក្កដា ខាងមុខនេះវិញ។

ហេតុការណ៍ប៉ះទង្គិចគ្នា នៅក្បែរទីលានប្រជាធិបតេយ្យ ដែលចេញពីអំពើហិង្សាមួយ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤ បណ្តាលឱ្យសន្តិសុខ ខណ្ឌដូនពេញរបួសជាង៣០នាក់ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួន សមាជិកគណបក្សសង្គ្រោះជាតិ និងសកម្មជនចំនួន ១១នាក់ ហើយក្រោយមកសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារពី៧ ដល់២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទដឹកនាំកុបកម្ម និងចូលរួមចលនាកុបកម្ម។

លោក សំ សុគង់ មេធាវី ការពារជនជាប់ចោទ នាពេលកន្លងទៅ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សវនាការនេះ គឺទាក់ទងទៅនឹងការប្តឹងឱ្យដាក់មោឃៈភាពនីតិវិធី ចំពោះការកាត់សេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសពួកគាត់ដោយមិនមានវត្តមានមេធាវី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស សមាជិកគណបក្សសង្រ្គោះជាតិ ១១នាក់ ដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ២០ឆ្នាំ ចោទប្រកាន់ពីបទដឹកនាំកុបកម្ម និងចូលរួមចលនាកុបកម្ម ទាមទារឱ្យមានបើកទីលានប្រជាធិបតេយ្យ។ ក្នុងចំណោមអ្នកដែលត្រូវបានផ្តន្ទាទោសនោះ មានជនជាប់ចោទចំនួន៣នាក់ ដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ គឺ ១-លោក មាជ សុវណ្ណារ៉ា (ប្រធាននាយកដ្ឋានព័ត៌មាននិង ប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ)។ ២.លោក អឿ ណារិទ្ធ (មន្រ្តីទទួល បន្ទុកកិច្ចការ សាធារណៈ នៃគណបក្សសង្គ្រោះជាតិនិងជាជំនួយការផ្ទាល់ របស់អ្នកស្រី មូរ សុខហួរ)។ ៣.លោក ឃិន រឿន ហៅ ឃិន ជំរឿន (ប្រធានចលនាយុវជនរាជធានីភ្នំពេញ នៃគណបក្សសង្គ្រោះជាតិ)។ ចំណែកជនជាប់ចោទចំនួន៨នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ៧ឆ្នាំដូចៗគ្នា៕