(អាមេរិក)៖ គណៈកម្មការមូលបត្រ របស់សហរដ្ឋអាមេរិក (SEC) បានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន អ៉ីនធើណែត និងទូរគមនាគមន៍យក្ស SoftBank Group Corp រួមទាំង​អតីតនាយកប្រតិបត្តិ (CEO) លោក Nikesh Arora ពាក់ព័ន្ធនឹងរឿងអាស្រូវ មួយចំនួន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Wall Street Journal ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា។

លោកមេធាវី Ira Sorkin បានបញ្ជាក់ឲ្យដឹងថា មានម្ចាស់ភាគហ៊ុននិកមួយចំនួនមានការមិនពេញចិត្ត​ និង​ទង្វើរបស់អ្នកគ្រប់គ្រង SoftBank ជាពិសេសគឺលោក Nikesh Arora អតីតនាយកប្រតិបត្តិ ដែលបាន​លា​ឈប់ពីក្រុមហ៊ុនយ៉ាង​ឆាប់រហ័សបំផុត កាលពីសប្ដាហ៍មុនបន្ទាប់ពី លើកឡើងកាន់តំណែងបាន ២ឆ្នាំ។

លោក Masayoshi Son នាយកប្រតិបត្តិថ្មីបានបញ្ជាក់ថា ចំពោះបញ្ហាខាងលើនេះ លោកមិនបាន​ដឹង​រឿង​នោះទេ ហើយលោកក៏សប្បាយ រីករាយក្នុងការសហការជាមួយ SEC ផងដែរ៕