(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំមួយ នៅវិមានសន្តិភាព នាថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីពិភាក្សា អនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល» រួមនឹងរបៀបវារៈមួយចំនួនទៀត។

ចំពោះរបៀបវារៈមួយចំនួន ដែលនឹងត្រូវពិភាក្សានៅថ្ងៃដដែលនោះ រួមមាន៖ ពិភាក្សាលើសេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៧-២០១៩ រួមនឹង បញ្ហាផ្សេងៗជាច្រើនទៀត ដែលជាសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១. កិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
៣.២. ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវា។
៣.៣. កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៤. ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៥. ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៦. ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រខាងមុខនេះ នឹងធ្វើឡើងក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕