(ក្រចេះ)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហៅកាត់ថា អ ម ត ឬ AMT បានឲ្យដឹងថា និស្សិតបានឱកាសសិក្សារៀនសូត្រហើយ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានជោគជ័យ ប្រកាន់ខ្ជាប់សីលធម៌ គុណធម៌ និងចូលរួមសកម្មភាពសង្គមឱ្យបានច្រើនថែមទៀត។​

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាគម អ ម ត/AMT គឺជាយន្តការដើម្បីជួយ និងសម្របម្រួលលើការសិក្សារបស់និស្សិត ដើម្បីឱ្យពួកគេសិក្សារៀនសូត្រឱ្យទទួលបានជោគជ័យ និងមានអនាគតល្អ។ លើសពីនេះសមាគមក៏បានធ្វើឱ្យនិស្សិតមានឱកាសចូលរួម នៅក្នុងកិច្ចការសង្គមផ្សេងៗដែលនេះគឺជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ការថ្លែងលោក ហ៊ុន ម៉ាណែត បានធ្វើឡើងខណៈដែលលោកអញ្ជើញជាអធិបតី នៅក្នុងពិធីបញ្ចូលសមាជិកសមាគមអាហារូបករណ៍សិស្ស និស្សិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំខេត្តក្រចេះ ចំនួន១២៥ នាក់ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ។

ពិធីនេះមានការអញ្ជើញចូលរួមពីអជ្ញាធរខេត្តតំណាងសាកលវិទ្យាល័យមួយចំនួន ក្រុមការងារនិងសមាជិកសមាគម ប្រចាំខេត្តក្រចេះជាច្រើននាក់ទៀត។​

លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ​ បានឲ្យដឹងថា ប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើនហើយ នៅពេលប្ចុប្បន្ននេះយើងមានមោទនភាពដែល ប្រទេសមានភាពស្មើរមុខស្មើមាត់ ជាមួយប្រទេសដទៃ និងមានអធិបតេយ្យភាពមិនចំណុះឱ្យប្រទេសណាមួយឡើយ។​

លោកបន្តថា សាកលភាវូបនីយកម្មបានផ្តល់នូវគុណសម្បត្តិ និងគុណវិប្បត្តិ ដូច្នេះទាមទាឱ្យនិស្សិតមានសញ្ញាណសង្គម ដែលសំដៅលើដល់ការពិចារណាប្រកបដោយ វិចារណញ្ញាណ ទៅលើស្ថានភាពសង្គម ជាក់ស្តែងក្នុងជីវរស់នៅជាក់ស្តែង។​

លោកបានបញ្ជាក់ថា សីលធម៌ គុណធម៌ គឺបានមកពីការសិក្សាអប់រំអំពីការប្រព្រឹត្តរបស់មនុស្ស ដែលជារចនាសម្ព័ន្ធដើម្បីការយល់ ដឹងនិងដើម្បីអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន។ ដូច្នេះ សិស្ស និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រនិងត្រូវមានសីលធម៌ គុណធម៌ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមឱ្យមានការរីកចម្រើន។

បើតាមរបាយការណ៌របស់លោក សេង ថានី ប្រធានក្រុមការងារសមាគម អ ម​ ត ឬ AMT ប្រចាំខេត្តខេត្តក្រចេះ បានឱ្យដឹងថាសិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា​និងកំពុងសិក្សានៅតាម សាកលវិទ្យាល័យនៅក្នុងខេត្តហើយដែលត្រូវបញ្ចូល ជាសមាជិកសមាគមនាពេលមានចំនួន ១២៥នាក់ ដែលក្រុមការងារបានកសាងបណ្តាញទំនាក់ទំនងរវាងនិស្សិតនិងនិស្សិត ឱ្យស្គាល់គ្នា សាមគ្គីគ្នា បង្កើតឱ្យមានអត្តសញ្ញាណរួមមួយ ដើម្បីចូលរួមសកម្មភាពនានាដែលជាប្រយោជន៍របស់និស្សិត និងតាមដានសម្របសម្រួលការសិក្សារបស់ប្អូន។

ទន្ទឹមនឹងការសិក្សា ​ក្រុមការងារក៏ បានយកចិត្តទុកដាក់តាមដាការសិក្សារបស់សិស្ស និស្សិតនិងបានដឹកនាំសិស្ស និស្សិត ធ្វើសកម្មភាពសង្គមផ្សេងៗនៅក្នុងខេត្តនេះផងដែរ ដើម្បីឱ្យពូកគេមានឱកាសស្វែងយល់បន្ថែមពីបរិបទ និងជីវភាពសង្គមជាក់ស្តែងក្នុងគោលបំណងពង្រឹងស្មារតី ការទទួលខុសត្រូវនិងធ្វើការងារសង្គមជាក្រុម៕