(បង់ក្លាដែស)៖ ហេតុការណ៍ខ្មាន់កាំភ្លើងបាញ់ប្រហារ និងចាប់ចំណាប់ខ្មាំងនៅហាងកាហ្វេមួយកន្លែងក្នុងរដ្ឋធានីដាកា ប្រទេស បង់ក្លាដែស ត្រូវបានបញ្ចប់ នៅថ្ងៃសៅរ៍នេះ ដោយក្នុងនោះចំណាប់ខ្មាំង២០នាក់ ប៉ូលិស២នាក់ និងខ្មាន់កាំភ្លើង៦នាក់ត្រូវស្លាប់បាត់បង់ជីវិត។ ដោយឡែកភេរវករម្នាក់ ត្រូវបានចាប់ខ្លួន និងចំណាប់ខ្មាំង១៣នាក់ត្រូវបានជួយសង្គ្រោះ នេះបើយោងតាមព័ត៌មានពីកម្លាំងយោធា ដកស្រង់ដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ។

ពេលវេលា៖
ការបាញ់ប្រហារនេះ បានកើតឡើងតាំងពីរាត្រីថ្ងៃសុក្រម្សិលម៉ិញនេះ ដែលជាថ្ងៃដ៏វិសុទ្ធបំផុតសម្រាប់អ្នកកាន់សាសនាឥស្លាម។ មិនតែប៉ុណ្ណោះថ្ងៃសុក្រនេះ ក៏ជាថ្ងៃដែលអ្នកបួសក្នុងសាសនាឥស្លាម ត្រូវប្រារព្ធពិធីស្រាយបួស បន្ទាប់ពីបុណ្យម៉ារ៉ាដនត្រូវបានបញ្ចប់ផងដែរ។ ហេតុការណ៍បានបញ្ចប់ទៅ នៅព្រឹកថ្ងៃសៅរ៍នេះ(ម៉ោងក្នុងតំបន់) បន្ទាប់ពីបានកើតឡើងអស់រយៈពេល១២ម៉ោង ទើបប្រតិបត្តិការសង្រ្គោះចំណាប់ខ្មាំងត្រូវបានបញ្ចប់។

ទីតាំង៖
ខ្មាន់កាំភ្លើងបានបាញ់ប្រហារ និងវាយបំបែកកញ្ចក់សម្រុកចូលក្នុងហាងនំប៉័ង និងកាហ្វេដ៏ពេញនិយមមួយកន្លែងដែលមានឈ្មោះថា Holey Artisan Bakery ស្ថិតក្នុងខណ្ឌ Gulshan រដ្ឋធានី Dhaka ប្រទេស បង់ក្លាដែស។

មានការចោទជាសំណួរថា មូលហេតុអ្វីបានជាហេតុការណ៍នេះកើតឡើងនៅទីនោះ? ចម្លើយគឺ ដោយសារកន្លែងកើតហេតុនេះ ជាទីតាំងដែលកុះករទៅដោយមនុស្ស ជាពិសេសជាទីតាំងដែលប្រមូលផ្តុំដោយស្ថានទូត និងក្រុមហ៊ុនបរទេស ព្រមទាំងជាកន្លែងដ៏ពេញនិយមសម្រាប់ជនជាតិបរទេសរស់នៅ។

តាមការសន្និដ្ឋានបានឲ្យដឹងថា ដោយសារហាងនេះបានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់មន្ត្រីទូត និងជនបរទេស ទើបអ្នកវាយប្រហារបានជ្រើសរើសទីតាំងនេះ ដោយរំពឹងថា ការវាយប្រហារអាចបង្ករផលប៉ះពាល់ច្រើន ព្រមទាំងបង្កើនការចាប់អារម្មណ៍ទូទាំងពិភពលោក។

ជនរងគ្រោះ៖
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំណាប់ខ្មាំងមានប្រហែលជិត ៤០នាក់ ប៉ុន្តែ២០នាក់ត្រូវស្លាប់បាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមចំណាប់ខ្មាំងទាំងអស់ មានជនជាតិអ៊ីតាលី៧នាក់ ស្រីលង្ការពីរនាក់ និងជប៉ុនច្រើនជាងគេ។ ចំណាប់ខ្មាំងភាគច្រើនជាអតិថិជន និងបុគ្គលិកនៅក្នុងភោជនីយដ្ឋានតែម្តង ក្នុងនោះក៏មានមន្ត្រីប៉ូលីសជាន់ខ្ពស់ផងដែរ។ សូមបញ្ជាក់ថា គ្រប់ចំណាប់ខ្មាំង ទាំងអស់ ដែលបានបាត់បង់ជីវិតសុទ្ធតែជាជនជាតិបរទេស ។

ភេរវករ៖
ប្រភពពីសាក្សីជាបុគ្គលិកហាង ដែលបានភៀសខ្លួនចេញពីហេតុការណ៍នេះ បានទាន់ពេលវេលាបានឲ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នាប្រាំបីនាក់ ប្រដាប់ដោយកាំភ្លើង ឧបករណ៍បំផ្ទុះគ្រាប់បែក និងអាវុធមុតស្រួច បានសម្រុកចូលក្នុងហាង។ ដំបូងឡើយខ្មាន់កាំភ្លើងទាំងនោះ បានបាញ់ទៅលើអាកាស ដោយមិនបានបាញ់ប្រហារ ឬប៉ះពាល់ដល់អ្នកណាម្នាក់ឡើយ ដោយគ្រាន់តែបង្កភាពភ័យខ្លាចប៉ុណ្ណោះ។ បន្ទាប់មកទើបធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក។

កម្លាំងប៉ូលិសបង់ក្លាដែសរាប់រយនាក់ បានធ្វើការឡោមព័ទ្ធ និងសម្រុកចូលហាងដើម្បីធ្វើសកម្មភាពរំដោះជនរងគ្រោះ។ ការប្រឈមមុខដាក់គ្នាក៏បានកើតឡើង ហើយបានបញ្ចប់នៅព្រឹកថ្ងៃសៅរ៍នេះ ដោយបានអូសបន្លាយអស់រយៈពេល១២ម៉ោង។ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ពួកឧទ្ទាម ISIS បានប្រកាសថា ខ្លួនជាអ្នករៀបចំឲ្យគម្រោង និងការបាញ់ប្រហារនេះឡើង នេះបើយោងតាមសារព័ត៌មាន Amaq ដែលជាសារព័ត៌មានផ្ទាល់របស់ពួកឧទ្ទាម ISIS។

ពួកឧទ្ទាម ISIS ធា្លប់បានលើកឡើងថា ពួកគេនឹងបន្តការវាយប្រហារ និងភាពហ្វឹកវរបន្ថែមទៀត មិនតែប៉ុណ្ណោះពួកគេបានអំពាវនាវស្វែងរក អ្នកស្ម័គ្រចិត្តនៅក្នុងប្រទេស បង់ក្លាដែស ដើម្បីចូលរួមវាយប្រហារជាមួយពួកគេថែមទៀតផង។

សូមជម្រាបថា កន្លងមកពួកឧទ្ទាម ISIS តែងតែប្រកាសថា ខ្លួនជាអ្នកដែលបង្កការវាយប្រហារជាច្រើនលើកច្រើនសារក្នុងប្រទេស បង់ក្លាដែស ប៉ុន្តែរដ្ឋាភិបាលតែងតែបដិសេធយ៉ាងដាច់ខាតថា មិនមានវត្ថមានរបស់ពួក ISIS ក្នុងប្រទេស បង់ក្លាដែសឡើយ៕

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina