(បន្ទាយមានជ័យ​)៖​ លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីកាំកុងត្រូល សាខាខេត្ត​បន្ទាយមានជ័យ​ នារសៀលថ្ងៃទី០២​ ខែកក្កដា ឆ្នាំ២០១៦ ។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ បានប្រាប់ឲ្យដឹងពីវឌ្ឍនភាព និងសកម្មភាពមួយចំនួន ដែលក្រសួងសម្រេចបាន​ និងកំពុងតែអនុវត្តបន្តទៅទៀត ដូចជាការរៀបចំច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ធ្វើពាណិជ្ជកម្មតាមអេឡិកត្រូនិក (E-Commerce) និងការត្រៀមតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងប្រព័ន្ធពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបន្តសម្រួលដល់ការចាប់ផ្ដើមអាជីវកម្ម។

លោក​ ប៉ាន សូរស័ក្ដិ បានជំរុញ​បន្ថែម​ឲ្យមន្ត្រីកាំកុងត្រូល​ យកចិត្តទុកដាក់ទប់ស្កាត់ទំនិញ​គ្មានគុណភាព​ និងមានការបង្កើត​ មន្ទីរបទពិសោធន៍​ចល័ត​មាន​នៅលើរថយន្ត​ សំរាប់រាជធានី​ ខេត្ត​ ស្រុក​ ក្រុង​ រាល់ការមានបញ្ហាផ្សេងៗចំពោះមុខម្ហូប​ ដែលបានបង្កប៉ះពាល់សុខភាពពលរដ្ឋគ្រប់រូប​ ។

ក្រៅពីនោះ លោក​បានជំរុញឲ្យមន្ត្រីទាំងអស់បន្តអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ​ និងជាការលើកទឹកចិត្ត​ បានជូនជាអំណោយចំនួន ២លានរៀល សម្រាប់មន្ទីរពាណិជ្ជកម្ម​ និងសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ​។

សូមរំលឹកថា​ កាលពីម្សិលមិញ លោក​រដ្ឋមន្ត្រី​ ប៉ាន​ សូរស័ក្តិ ​បានសំណេះសំណាល​ជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបង​ ដើម្បីការងារស្មារតី​ឲ្យខ្ជាប់ខ្ជួន​ និងកែទម្រង់ ដូចជាការរៀបចំច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ធ្វើពាណិជ្ជកម្មតាមអេឡិកត្រូនិក (E-Commerce) ការត្រៀមតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម​ ខាងមុខ​ និងបានផ្តល់ថវិកាចំនួន ២លានរៀលផងដែរ៕