(កណ្តាល)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះបំពាក់ឯកសណ្ឋាន ជូនប្រជាការពារនៅក្នុងស្រុកកោះធំប្រមាណ ៨០រូប។

ជាមួយនិងការបំពាក់ឯកសណ្ឋាននេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានដាស់តឿន ដល់ប្រជាការពារភូមិទាំងអស់ឲ្យយកចិត្តទុកដាក់ ជួយថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមភូមិឃុំ កុំឲ្យកើតមានបញ្ហាចោរកម្ម ក៏ដូចជាការបង្កបញ្ហាអសន្តិសុខនានាពីជនខិលខូច។

ក្រៅពីការចែកឯកសណ្ឋានហើយនោះ លោកទេសរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ ១៣០នាក់ ក្នុងបំណង ស្វែងយល់ពីផលលំបាក របស់ប្រជាពលរដ្ឋ ក៏ដូចជាជំរាបពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និង ប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និង លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្រោយថ្ងៃរំដោះប្រទេសចេញពី បនប្រល័យពូជសាសន៍ប៉ុលពត ប្រទេសកម្ពុជា បានរីកចម្រើនលូតលាស់ស្ទើរ គ្រប់វិស័យ ប្រព័ន្ធហេដ្ឋរចនាសម្ព័ន ផ្លូវ ស្ពាន ថ្នល់ នៅទូទាំងប្រទេសត្រូវបានតភ្ជាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានខិតខំទាក់ទាញអ្នកវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មរបស់ខ្លួនផងដែរ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

តាមរយៈស្មារតី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាច្រើនអាណត្តិមកនេះ បានធ្វើឲ្យ ជីវភាពរបស់ប្រជាពលរដ្ឋ បានរីកចម្រើនជាបន្តបន្ទាប់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទូចឲ្យប្រជាពលរដ្ឋ បន្តចូលរួមថែរក្សាសន្តិភាព ដែលកម្ពុជាកំពុងមាន ហើយចូលរួមថែរក្សាសមិទ្ធ ផលរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើនថែមទៀត៕