(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល លោក សួស អង្គារ៍ បានប្រាប់សកម្មជនក្រុមបក្ស សាខាបក្សភូមិជាសមាជិកបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាននៅក្នុងឃុំទាំង២ក្នុងស្រុកថ្មគោល ប្រចាំខែមិថុនា ជម្រុញឲ្យប្រជាពលរដ្ឋ​ បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នាទាន់ពេលវេលា និងរំលឹកពីការពន្លឿនការចុះឈ្មោះបោះឆ្នោត ​តាមកាលកំណត់​ក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងនាំអំណោយ ជូនជនចាស់ជរា ពិការ និងខ្យល់កន្រ្តាក់ ជាច្រើននាក់ផងដែរ។

ការថ្លែងបែបនេះខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំជាមួយសកម្មជន មេក្រុមសាខាបក្សភូមិ នៅឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្មគោល នាព្រឹកថ្ងៃទី២ខែកក្កដា ឆ្នាំ២០១៦ នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល។

លោក សួស អង្គារ៍ បានបញ្ជាក់ថា «ប្រជាពលរដ្ឋយើងត្រូវធ្វើ​ អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា បើគ្មានអត្តសញ្ញាណប័ណ្ណទេ យើងមិនអាចទៅបោះឆ្នោតបានឡើយ ទន្ទឹមនិងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយបើយើងមិនបានទៅចុះឈ្មោះបោះឆ្នោតទេ ក៏គ្មានសិទ្ធទៅបោះឆ្នោតបានដែរ ពីព្រោះយើងគ្មានឈ្មោះ​ នៅក្នុងបញ្ជីបោះឆ្នោត ដូច្នេះបងប្អូនក៏ត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាផងដែរ»

លោក សួស អង្គារ៍ បាបន្តថា សកម្មជនយើងទាំងអស់ត្រូវចុះពន្លឿននៅតាមខ្នងផ្ទះនីមួយៗ ក្នុងភូមិឲ្យបានចប់សព្វគ្រប់ និងមានឈ្មោះក្នុងបញ្ជីឈ្មោះ ជាក់ស្តែងតាមផ្ទះនៃភូមិនីមួយៗក្នុងឃុំទាំង២នេះឲ្យត្រូវគ្នានឹងបច្ចុប្បន្នផង ដើម្បីត្រៀមឈ្នះឆ្នោត ខណៈពេលដែលមេដឹកនាំ បក្សប្រឆាំងកំពុងបែកបាក់។

លោក សួស អង្គារ៍ បានជម្រាបសកម្មជន សមាជិកបក្សទាំ២ឃុំថា យើងទាំងអស់គ្នាត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជ័យជម្នះ នៅពេលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជាសកលឆ្នាំ២០១៨ ខាងមុខ ដើម្បីបន្តដឹកនាំប្រទេសកសាង និងអភិវឌ្ឍន៍កាន់តែរីកចម្រើនថែមទៀត។

បន្ទាប់ពីបានប្រជុំចប់ គណអធិបតីក៏បានចែកជូនថវិកាដល់សកម្មជន សម្រាប់បម្រើការងារបក្សមូលដ្ឋានទាំងអស់ មានចំនួន៧៤នាក់ក្នុងម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល ។ ហើយក្រុមការងារក៏បានចុះតាមខ្នងផ្ទះផ្ទាល់ ដើម្បីចុះចែកអំណោយដល់ជនចាស់ជរាឥតទីពឹង ជនពិការ មានអង្ករ៣០គីឡូក្រាម និងថវិកា១០ម៉ឺនរៀល នៅឃុំអូរតាគី និងនៅឃុំតាម៉ឺន បានចែកជនរងគ្រោះដោយសារខ្យល់កន្រ្តាក់កន្លងមក មាន១៦នាក់ម្នាក់ៗទួលបានជូនមានសង្កសី១៥សន្លឹកនិងអង្ករ៣០គីឡូក្រាមផង៕