(បង់ក្លាដែស)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី០២ ខែកក្កដានេះឲ្យដឹងថា មានក្រុមខ្មាន់កាំភ្លើងបានបាញ់ប្រហារ និងវាយបំបែកកញ្ចក់ហាងកាហ្វេពេញនិយម នៅក្នុងតំបន់ការទូត រដ្ឋធានីដាកា (Dhaka) នៃប្រទេសបង់ក្លាដែស។ ករណីនោះក៏មានការចាប់យកចំណាប់ខ្មាំងផងដែរ នេះបើមន្រ្តីបាននិយាយឲ្យដឹងយ៉ាងដូច្នេះ។

ក្រោយពីកើតមានករណីវាយប្រហារនេះ កងកម្លាំងប៉ូលិសបង់ក្លាដែសរាប់រយនាក់ បានធ្វើការឡោមព័ទ្ធ និងសម្រុកចូល​ហាងកាហ្វេ មួយ ក្នុងរដ្ឋធានីដាកា ដើម្បីរំដោះចំណាប់ខ្មាំង ដែលត្រូវខ្មាន់​កាំភ្លើង​ចាប់​ជម្រិត​ចំនួន២០នាក់។

ប៉ូលិសបានអះអាងថា មនុស្សដែលនៅក្នុងហាងកាហ្វេទាំងនោះ មានជនជាតិអ៊ីតាលី ហើយអ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន បានប្រកាសពីទីក្រុងតូក្យូមកថា ក៏មានជនជាតិខ្លួនស្ថិតនៅក្នុង ចំណោមជនរងគ្រោះដែលត្រូវគេចាប់ជម្រិតនោះដែរ។

ក្រោយពីមានការវាយប្រហារតបតគ្នា ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវ និងអះអាងថាពួកគេជាអ្នករៀបចំឲ្យមានការ វាយប្រហារនេះឡើយ។ ប៉ូលិលបានបញ្ជាក់បន្ថែមទៀតថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែលជា ៨នាក់ ហើយក្នុងនោះប្រហែលជា​មាន ៥នាក់ត្រូវបានបាញ់សម្លាប់។

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្ត្រី Sheikh Hasina បានថ្លែងឲ្យដឹងថា មាន​​ចំណាប់ខ្មាំង​មួយ​ចំនួន ត្រូវបានសម្លាប់ និងភេរវករម្នាក់ត្រូវបានចាប់ទាំងរស់ ហើយប្រតិបត្តិការឡោមព័ន្ធ និងរំដោះចំណាប់​ខ្មាំង​ចេញពីភោជនីយដ្ឋានមួយក្នុងទីក្រុងដាកា ក៏ត្រូវបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយ Update នៅមុននេះបន្តិច នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦៕

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina