(ភ្នំពេញ)៖ សិស្សសាលា អាយ ស៊ី អេស (ICS) ចំនួន៤រូប បានទទួលមេដាយមាស២គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង នៅវគ្គផ្តាច់ព្រ័តនៃការប្រកួតប្រជែងថ្នាក់ជាតិ TOEFL Primary & Junior Challenge ២០១៥-២០១៦ ដែលរៀបចំឡើងដោយ IIG Education នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

ក្នុងការប្រកួតប្រជែងថ្នាក់ជាតិនេះ  រៀបចំឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដោយសាលា អាយ ស៊ី អេស ជាសាលាដែលមានសិស្សទទួលជយលាភីច្រើនជាងគេ ពិសេសក្នុងកម្រិត TOEFL Junior ទទួលបានជ័យលាភីទាំងអស់តាំងពីលេខ១ រហូតដល់លេខ៣។

សិស្សានុសិស្ស សាលា អាយ ស៊ី អេស ទាំង ៤រូបនោះ រួមមាន៖

១-កម្រិត TOEFL Primary Step ១៖ កុមារី សេង សុន្ទរ៍ណេរី ជាប់ជយលាភី ចំណាត់ថ្នាក់លេខ១ (អតីតជយលាភីមេដាយមាស២ឆ្នាំជាប់ៗគ្នា ក្នុងការប្រកួតប្រជែង ប្រកបភាសាអង់គ្លេស ទូទាំងប្រទេស​ប្រចាំឆ្នាំ២០១៣ និងប្រចាំឆ្នាំ២០១៤ ដែលរៀបចំឡើងដោយ Singapore Club Cambodia និងក្រសួងអប់រំ យុវជន និងកីឡា)

២-កម្រិត TOEFL Junior៖ យុវជន ងួន ប្រណិតពិចិត្រាវន្ត ជាប់ជយលាភី ចំណាត់ថ្នាក់លេខ១ គឺយុវត្តី ទិន សុខមុនី ជាប់ជយលាភី, ចំណាត់ថ្នាក់លេខ២ យុវត្តី ស៊ុ ឥន្ទ្រវតី ជាប់ជ័យលាភី ចំណាត់ថ្នាក់លេខ៣។
 
នេះជាលើកទី២ ក្នុងរយៈពេល២ឆ្នាំសិក្សាជាប់ៗគ្នាហើយ ដែលសិស្ស សាលា អាយ ស៊ី អេស បានទទួលជ័យលាភីក្នុងការប្រកួត TOEFL Primary & Junior Challenge  កាលពីលើកទី១នៅឆ្នាំសិក្សា ២០១៤-២០១៥ យុវសិស្ស អ៊ឹង វណ្ណឌី ក៏បានឈ្នះជយលាភីជើងឯក មេដាយមាស កម្រិត TOEFL Junior ម្តងរួចមកហើយ។

ការប្រកួតជ្រើសរើសជើងឯក TOEFL Primary & Junior Challenge ២០១៥-២០១៦ នេះមានការចូលរួមពីសិស្សានុសិស្ស ជាង១០០០នាក់ ដែលមកពីបណ្តាគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនផ្សេងៗ ដោយក្នុងនោះមានការប្រកួតជំរុះជា៣ដំណាក់ កាលអស់រយៈពេលជិត៦ខែ ។

សិស្សានុសិស្សដែលបានទទួល ជយលាភីទាំង៤រូបនេះ បានទទួលការបណ្តុះបណ្តាល តាមរយៈកម្មវិធីសិក្សា ដែលមានគុណភាពល្អ និងមានភាពច្បាស់លាស់ ពីសាលា អាយ ស៊ី អេស តាំងពីកម្រិតដំបូង។ ដូច្នេះយុវសិស្សទាំង៤រូបនោះ ក៏ដូចជាសិស្សានុសិស្សសាលា អាយ ស៊ី អេស ទាំងអស់មានមូលដ្ឋានគ្រឹះភាសាអង់គ្លេសយ៉ាងរឹងមាំ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការប្រកួតប្រជែងនានា ព្រមទាំងក្នុងការបន្តការសិក្សារបស់ខ្លួន ៕