(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងប្រាប់ Fresh News នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះថា អ្វីដែលក្រសួងយុត្តិធម៌ស្នើឱ្យ រដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់ គឺធ្វើឡើងទៅតាមនីតិវិធីរបស់ច្បាប់ ប៉ុន្តែការសម្រេចយ៉ាងណាគឺអាស្រ័យ​លើការអនុម័តរបស់រដ្ឋសភា។

លោក គឹម សន្តិភាព បានបញ្ជាក់ថា តំណាងរាស្រ្តទាំងពីរ មិនទាន់ត្រូវបានចោទប្រកាន់នៅឡើយទេ ដោយសារតែមិនបានប្រព្រឹត្តិបទល្មើសជាក់ស្តែង ខុសពីសំណុំរឿង លោក កឹម សុខា ដែលមិនចូលខ្លួនក្នុងនាមជាសាក្សីតាមការកោះហៅរបស់អយ្យការ​ក្នុងសំណុំរឿងសញ្ចារកម្ម ដែល​បង្កើតបានជាអំពីល្មើសជាក់ស្តែងថ្មីមួយ​ ហើយមិនតម្រូវអោយមានការលើកអភ័យឯកសិទ្ធិនោះទេ​ ដែលស្ថាប័នអយ្យការអាចដំណើរការចោទប្រកាន់បានតែម្តង។

សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានសម្រេចស្នើឱ្យ រដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្ត នីតិវិធីតាមផ្លូវច្បាប់។ តាមលិខិតរបស់ក្រសួងយុត្តិធម៌ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ការស្នើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត២រូបខាងលើ បានធ្វើឡើងតាមសំណើ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ លិខិតនេះ បានធ្វើឡើងដោយយោងតាមមាត្រា៨០ នៃរដ្ឋច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៨ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។

មាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខ អយ្យការឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕