(ប៉ារីស)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ត្រូវប៉ះសត្រូវចាស់អាសូរីអ៊ីតាលី ដែលធ្លាប់ទម្លាក់រូបគេចេញពីវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ព្រឹត្តិការណ៍ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបដូចគ្នា Euro 2012 នៅប្រទេសប៉ូឡូញ និងអ៊ុយក្រែនធ្វើម្ចាស់ផ្ទះរួមគ្នា ដោយលទ្ធផលបច្ចេកទេស ២-១ ដែលត្រូវជួបគ្នាជាថ្មីក្នុងពាននេះដដែល វគ្គ៨ក្រុមនាម៉ោង ២រំលងអាធ្រាត្រយប់នេះ នៅពហុកីឡដ្ឋាន Stade de Bordeaux ស្ថិតក្នុងទីក្រុង Bordeaux នៅបារាំងតែម្តង។

ម្ចាស់ជើងឯកពានបាល់ទាត់ពិភពលោក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ឥន្រ្ទីដែកអាល្លឺម៉ង់ ជាក្រុមធ្វើបានល្អជាងគេ ដោយមិនទាន់ចាញ់នៅឡើយទេ ឆ្លងកាត់៥ប្រកួតនៅ Euro 2016 លើកទី១៥នេះ ក្រៅពីស្មើ ០-០ មួយប្រកួតពេលប៉ះប៉ូឡូញ ដែលជាប្រទេសនៅជិតខាងគ្នាក្នុងទ្វីបអឺរ៉ុប ក្រៅពីឈ្នះអ៊ុយក្រែន ២-០, ឈ្នះអៀរ ឡង់ខាងជើង ១-០ និងទម្លាក់ស្លូវ៉ាគី ៣-០ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

អាល្លឹម៉ង់ ជាឈរនៅលេខ១ ចេញពីពូល C ហើយឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពិភពលោក ក្នុងចំណោម ២០៨ប្រទេស ដែលជាសមាជិករបស់ FIFA គ្រាដែលអ៊ីតាលី ជាក្រុមលេខ១ ចេញពីពូល E និងឈរនៅលេខរៀង ទី១២ នៃ World FIFA Ranking ដែលត្រូវប្រជែងស្លាប់រស់នារាត្រីម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក្នុងវគ្គ៨ក្រុមចុងក្រោយ ដើម្បីដណ្តើមកៅអីឡើងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កត្តាគួរឲ្យចាប់អារម្មណ៍មួយទៀត អ៊ីតាលីបានសងសឹកអេស្ប៉ាញ ដែលជាក្រុមធ្លាប់ឈ្នះគេ ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពី៤ឆ្នាំមុនក្នុងពាន Euro 2012 ហើយទើបតែរបូត១គ្រាប់នៅឡើយទេ ពេលចាញ់សាធារណរដ្ឋអៀរឡង់ ១-០ នៅនាទីទី៨៥ ចុងម៉ោង។ អ៊ីតាលី តែងតែមានសំណាងល្អជានិច្ចពេលជួបជាមួយអាល្លឺម៉ង់ តាំងពីដើមរៀងមក ដោយធ្លាប់ឈ្នះ២ដង ក្នុងលទ្ធផល ២-០ និង ២-១ ក្រៅពីចាញ់អាល្លឺម៉ង់ ៤-១ ម្តង និងស្មើ២ដង ដោយលទ្ធផលបច្ចេក ទេស ១-១ ដូចគ្នាពីប្រវត្តិជួបគ្នា៤ដង ចុងក្រោយនេះ៕