(ភ្នំពេញ)៖​ រថយន្ដស៊េរីទំនើបមួយគ្រឿង​ បានបុកម៉ូតូ Today មួយគ្រឿងពីក្រោយ​ បណ្ដាលឱ្យស្រីស្អាត២នាក់ រងរបួសធ្ងន់ស្រាល​ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនាម៉ោង១០៖១០នាទីយប់ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៦​ លើកំណាត់ផ្លូវជាតិលេខ៦A​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញ ស្រីស្អាត២ជិះម៉ូតូ Today​ មួយគ្រឿង​តាមដងផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដទំនើបម៉ាក Land Crusier​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AD-2928​ បានបុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យជនរងគ្រោះម្នាក់របួសធ្ងន់​ និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត​ ចំណែករថយន្ដបង្ក​ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក​ ដើម្បីដោះស្រាយតាមនីតិវិធី៕