(កោះកុង)៖ សមាជិកចលនាមាតាធម្មជាតិ ៣នាក់ ដែលកន្លងមកធ្លាប់បានចេញមុខប្រឆាំង​នឹងការបូមខ្សាច់​នៅខេត្តកោះកុង ត្រូវបានតុលា​ការខេត្តនេះដោះលែង នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនអស់រយៈពេលជាង១០ខែ។ នេះបើតាមការផ្សព្វផ្សាយ របស់អង្គការលីកាដូ​នៅថ្ងៃនេះ។

សកម្មជនបរិស្ថានទាំងនោះរួមមានឈ្មោះ លោក ទ្រី សុវិគា អាយុ២៦ឆ្នាំ លោក សាន់ ម៉ាឡា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៩ឆ្នាំ ដែលពួកគេត្រូវបានសមត្ថ​កិច្ចចាប់ខ្លួន​កាលពីខែ​សីហា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុននៅខេត្តកោះកុង ដែលអាជ្ញាធរអះអាងថាមានច្បាប់អនុញ្ញាត។

បើតាមអង្គការលីកាដូ សកម្មជនបរិស្ថានទាំងនោះ ត្រូវបានតុលាការខេត្តកោះកុងជំនុំជម្រះនៅថ្ងៃទី១ ខែកក្កដានេះ ដោយសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគា១៨ខែ ប៉ុន្តែដោយការជាប់ឃុំ​បណ្តោះអា​សន្ន​រង់​ចាំ​សវនាការអស់រយៈពេល ១០ខែ និង ១៥ថ្ងៃរបស់អ្នកទាំងនោះ ត្រូវបានតុលាការចាត់ទុកថាជាទោសដែលបានអនុវត្តរួច ហើយទោសដែលនូវសល់ត្រូវបានព្យួរ។

អ្នកទាំងបី ត្រូវបានផ្តន្ទាទោសដោយចៅក្រមលោក មិន មករា ពីបទផ្តើមគំនិតគម្រាមកំហែងថា នឹងធ្វើឱ្យខូចខាតដែល​ភ្ជាប់មកនូវបញ្ជាអ្វីមួយ ដោយយោងទៅតាមមាត្រា ២៨និងមាត្រា ៤២៤ នៃក្រម​ព្រហ្មទណ្ឌ។ ទោះជាយ៉ាងណា បន្ថែមលើការផ្តន្ទាទោសជាប់ពន្ធនាគារ អ្នកទាំងបីត្រូវបានតុលាការបង្គាប់ឲ្យបង់ពិន័យជាទឹកប្រាក់ចំនួន ២លានរៀល និងបង្គាប់ឲ្យសងសំណងការខូចខាតរួមគ្នាចំនួន ១០០​លានរៀលផងដែរ៕