(ភ្នំពេញ)៖ គិតរហូតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែល​ក្រុ​ម​​បុ​គ្គ​​លិកអ្នកបើកបររថយន្ត Taxi របស់ក្រុមហ៊ុន «Taxi Global Meter» មានគ្នាប្រមាណជាង ៨០នាក់ បានមកឈប្រមូលផ្តុំតវ៉ា ទាមទា​រ​ដំណោះ​ស្រា​យ ​​ចំ​​នួន៣​ចំ​ណុច នៅមុខក្រុមរថយន្តតាស៊ីពណ៌ស គ្លូប៊ល ខេមបូឌា ត្រេឌឌីវើឡុ​បមេន ខូអិលធីឌី ខណៈដំណោះស្រាយ នៅតែគ្មានលទ្ធផលល្អ សម្រាប់ពួកគាត់។

តំណាងក្រុមអ្នកបើករថយន្ត «Taxi Global Meter» លោក ម៉ុក កំសាន្ត បានថ្លែងប្រាប់ Fresh News ឲ្យ​ដឹងថា បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល៣​ថ្ងៃហើយ ដែលក្រុម​អ្នក​បើកតាស៊ី មានគ្នា៨១ នាក់ មកប្រ​មូលផ្តុំគ្នាតវ៉ា ធ្វើបាតតុកម្មអហិង្សា នៅមុខទីស្នាក់ការរបស់ក្រុម Taxi Global (តាស៊ី ស) ហើយគោលបំណង នៃការធ្វើបា​តុកម្មនេះ គឺដើម្បីទាមទានូវលក្ខខណ្ឌការងារ ចំនួន៣ចំណុច ពីថៅ​កែក្រុមហ៊ុន ដែលគ្រប់គ្រងដោយជនជាតិចិន។

លោក ម៉ុក កំសាន្ត បានបន្តថា ចំពោះលក្ខខណ្ឌ ដែលពួកលោកចង់បាននោះ គឺទី១​ សុំឲ្យមា​ន​ច្បា​​​ប់ឈប់សម្រាក៣ថ្ងៃ ក្នុងមួយខែរួមទាំង​ពិធីបុណ្យជាតិធំៗ។ ចំណុចទី២​ សុំឲ្យមានកា​រប​ញ្ចុះថ្លៃ ក្បាលឡានដែលពួកគាត់ បានជួលតម្លៃ៩៣០ដុល្លារក្នុងមួយខែ មកនៅទាបជាងនេះ និងចំណុច​ទី៣​ សុំកុំឲ្យក្រុមហ៊ុន គិតថ្លៃក្បាលឡាន នៅពេលដែលពួកគាត់មានជួបបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬអំឡុងពេលមានជំងឺ​ជាដើម។

តំណាងរូបនេះ បានបន្តថា ជាគោលការណ៍របស់ក្រុមហ៊ុន គឺពុំមានច្បាប់សម្រាកណា​មួយ​សម្រា​ប់ក្រុមអ្នកបើកតាស៊ីឡើយ ពោលគឺទោះបីជាមានបញ្ហា ជួបគ្រោះថ្នាក់ចរាចរណ៍ ឬឈឺត្រូវចូលពេទ្យ ក៏ខាងក្រុមហ៊ុន នៅតែគិតតម្លៃថ្លៃជួលឡានពេញជាធម្មតា ជាហេតុធ្វើឲ្យពួកគាត់ពិ​បាក ក្នុងការទទួលយកបាន ដោយហេតុផល​ថា ឈឺហើយត្រូវរក​លុយ​មកបង់ថ្លៃជួលរថយន្ត ឲ្យក្រុមហ៊ុនទៀត។

ក្រុមអ្នកបើករថយន្ត Taxi ខាងលើបាននាំគ្នាលើកឡើងថា អ្វីជាគោលការណ៍ របស់​ក្រុមហ៊ុ​ន ​គឺ​គេនិយាយថា ក្រុមហ៊ុនគ្មានច្បាប់ សម្រាបឲ្យពួកគាត់ឈប់ឡើយ ហើយ​អ្នកណាជួលបានក៏ជួល អ្នកណាជួល​មិនបានក៏អត់ទៅ។ ប៉ុន្តែរឿងដែលមិនអស់ចិត្ត គឺពួកគាត់ជាបុគ្គលិកចាស់ ធ្វើការងារ តាំងពីចាប់ផ្តើមស៊ីភាគរយ រហូតក្រុមហ៊ុនកាន់តែមានការរីកចម្រើន មកទល់សព្វថ្ងៃហើយ តម្រូវឲ្យពួកគាត់ជួលរថយន្តក្នុងតម្លៃមួយ ដែលថ្លៃទៀត។

ជាមួយគ្នានេះដែរ ក្រុមអ្នកបើករថយន្ត Taxi ខាងលើក៏បានទទួចស្នើ​សុំ កិច្ចអន្តរាគមន៍​ ពីគ្រប់​ក្រ​​សួងស្ថាប័នទពាក់ព័ន្ធទាំងអស់ មេត្តាជួយរកដំណោះស្រាយ ឲ្យពួកគាត់ផង ព្រោះពួក​គា​ត់​កំ​ពុងជួបជីវភាពលំបាក ក្នុងក្រុមគ្រួសារ។ ម្យ៉ាងទៀតក៏គ្មានលទ្ធភាព ដើម្បីប្តឹងតវ៉ាជាមួយភាគី ក្រុមហ៊ុនបានដែរ ដូច្នេះហើយមានតែការស្នើ​សុំ ក្រសួងស្ថាប័នទាំងអស់ អន្តរាគមន៍ចុះស្រាវជ្រាវ ពីច្បាប់ការងារនៅក្រុមហ៊ុន «Taxi Global» នេះផង។

ដោយឡែក បើតាមការបកស្រាយ ពីសំណាក់តំណាងភាគី ក្រុម​ហ៊ុន «Taxi Global» លោក លាង អេង បាន​លើ​កឡើង ដោយប្រកាន់ជំហថា ក្រុមហ៊ុនលោកមិនអាច ធ្វើអ្វីទៅតាមការស្នើ​​សុំ រប​ស់ក្រុមអ្នកបើកបរតាស៊ីទាំងនេះបានឡើយ ព្រោះក្រុមហ៊ុនធ្វើទៅតាមគោលការណ៍ ច្បាប់របស់ខ្លួន ។ ម្យ៉ាងទៀត​ លោ​​​កថានេះមិនមែនជា ក្រុមហ៊ុនរកស៊ីចែកភាគរយ ឬ​ស៊ីប្រាក់​ខែទេ ពោលគឺជា​ការ​ជួលរថយន្ត ដើម្បីរកស៊ី ហើយចំណេញ ឬខាតស្ថិតនៅលើបុគ្គលម្នាក់៕