(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានទទួលលិខិតពីក្រសួងយុត្តិធម៌ហើយ លើការស្នើលើកអភ័យឯកសិទ្ធិរបស់ លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា តំណាងរាស្រ្តគណបក្សប្រឆាំង ហើយគ្រោងនឹងដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាអ្នកសម្រេច នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា ប្រាប់ Fresh News នៅមុននេះបន្តិច។

លោក ឡេង ប៉េងឡុង បានអះអាងថា ការសម្រេចយ៉ាងណានោះ នឹងអាស្រ័យលើកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដែលអាចកោះប្រជុំជាបន្ទាន់ ឬយ៉ាងណា ប៉ុន្តែរដ្ឋសភានឹងបានវ៉ាកងចាប់ពីថ្ងៃទី៤ ខែកក្កដាផងដែរ បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី៦។ លោកថា ជាទូទៅច្បាប់ បានកំណត់ថា ការសម្រេចលើក អភ័យឯកសិទ្ធិតំណាងរាស្រ្តណាម្នាក់ ក្នុងបទល្មើសមិនជាក់ស្តែង ត្រូវមានសំឡេងបោះឆ្នោតក្នុងសភា ២ភាគ៣។

សូមបញ្ជាក់ថា ក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានសម្រេចស្នើឱ្យ រដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។ តាមលិខិតរបស់ក្រសួងយុត្តិធម៌ ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ការស្នើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត២រូបខាងលើ បានធ្វើឡើងតាមសំណើ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ លិខិតនេះ បានធ្វើឡើងដោយយោងតាមមាត្រា៨០ នៃរដ្ឋច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៨ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត៕