(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃសុក្រនេះ​ថា មាន​ករណីនៃការឆ្លងវីរុស Zika មួយទៀតនៅលើស្ត្រីម្នាក់ បន្ទាប់ពី​​បានវិលត្រលប់មកពី​សាធារណរដ្ឋដូមីនី​វិញ ហើយនេះ​គឺជាករណីឆ្លងទី៦ហើយ ដែលត្រូវបានពិនិត្យរកឃើញ​នៅកូរ៉េខាងត្បូង នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់ ចេញផ្សាយនៅ​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។

​មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់កូរ៉េខាងត្បូង (KCDC) បានបញ្ជាក់ថា បន្ទាប់ពីធ្វើដំណើរវិលត្រលប់មកពីសាធារណរដ្ឋដូមីនី កាលពីថ្ងៃទី២៣ ខែមិថុនា សប្តាហ៍មុន​ ស្ត្រីកូរ៉េខាងត្បូង វ័យ២៨ឆ្នាំម្នាក់ បានបង្ហាញនូវ​រោគសញ្ញានៃអាការៈកន្ទួលរមាស់, ឈឺសាច់ដុំ, ឈឺសន្លាក់ និងភ្នែកក្រហមតាំងពីថ្ងៃចន្ទ​មកម្ល៉េះ ហើយក៏​បានទៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិក្នុងទីក្រុងសេអ៊ូល នៅថ្ងៃពុធសប្តាហ៍នេះផងដែរ។ ​ក្រោយពីការធ្វើរោគវិនិច្ឆ័យ ក៏រកឃើញថាមានផ្ទុកវីរូស​ Zika។​

​ករណីឆ្លង​​ថ្មីបំផុតនេះ គឺជាករណីទី៦ហើយ​ នៃការឆ្លងវីរុស Zika ដែលត្រូវ​បានបញ្ជាក់ជាផ្លូវការ​នៅ​ក្នុងប្រទេសកូរ៉េខាងត្បូង ហើយករណីទី៦នេះ គឺត្រឹមតែរយៈពេល៥១ថ្ងៃប៉ុណ្ណោះ ក្រោយពេល ករណីទី៥នៃការឆ្លងវីរុស ត្រូវបានអះអាងបញ្ជាក់ថាបានកើតមាននៅក្នុងប្រទេសមួយនេះ។ ​​អ្នកជំងឺទាំងអស់គឺ​សុទ្ធតែត្រូវបានមូសខាំ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចរបស់ពួកគេ ក្នុងនោះ អ្នកដំណើរមកពីសាធារណរដ្ឋដូមីនីមួយករណី, អ្នកដំណើរមកពីប្រទេសប្រេស៊ីលមួយករណី, អ្នកដំណើរ​មកពីប្រទេសវៀតណាមមួយករណី និងអ្នកធ្វើដំណើរមក​ពីប្រទេសហ្វីលីពីន មានបីករណី។

គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​ ហើយ​នៅ​ឆ្នាំ​១៩៥២ ជំងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​ និង​រោគ​សញ្ញា ដូច​គ្នា​នឹងជំងឺ​គ្រុន​ឈាម​ដែរ​ ប៉ុន្តែប្រសិនបើចម្លងទៅស្ត្រីមានផ្ទះពោះ អាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ទារកក្នុងផ្ទៃដូចជា បណ្តាលឲ្យទារកកើតមកមានក្បាលតូចខុសពីធម្មតាជាដើម៕