(ភ្នំពេញ)៖ លោក លឹម សុភា អភិបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិ្យការជួសជុលប្រព័ន្ធផ្លូវនានា ដែលដំណើរការអ៊ុតបេតុង បំពេញ​ជង្ហុក​សំបុកមាន់ និងចាក់បេតុងថ្មីលើផ្លូវ ដែលមានការខូចខាត ព្រមទាំងការស្តារប្រព័ន្ធលូបង្ហូរទឹកស្អុយ តាមផ្លូវចំនួន៣ខ្សែ មានដូចជា ផ្លូវលេខ១២៥ ស្ថិតក្នុងសង្កាត់មិត្តភាព, ផ្លូវលេខ៩៣ ក្នុង​សង្កាត់​បឹងព្រលិត និងផ្លូវលេខ២០៦ សង្កាត់វាលវង់ជាដើម ដើម្បីថែរក្សាគុណភាពផ្លូវឲ្យនៅគង់វង្សយូរអង្វែង និងរក្សានូវសោភ័ណភាពបរិស្ថាន ក្នុងរាជធានីផងដែរ។

លោក លឹម សុភា បានឱ្យដឹងថា ក្រៅពីផ្លូវខាងលើ មានផ្លូវជាច្រើនខ្សែទៀត នឹងត្រូវបានអ៊ុតបេតុងសារជាថ្មី ដែលមានគុណភាពស្តង់ដារ ហើយការលុបជង្ហុកសំបុកមាន់នេះ មានចំនួន៨សង្កាត់ ក្នុងខណ្ឌ៧មករា មានសង្កាត់មិត្តភាព, សង្កាត់មនោរម្យ, សង្កាត់វាលវង់, សង្កាត់អូរឫស្សី១, សង្កាត់អូរឫស្សី២, សង្កាត់អូរឫស្សី៣ និងសង្កាត់បឹងព្រលិត។

លោកបន្ថែមថា ជាចម្បងនៃការជួសជុលខាងលើ ត្រូវដាក់លូរង្វង់ត្រយុំា មានទំហំមុខកាត់០.៨ម៉ែត្រ ហើយលូទាំងនេះ មានទំហំធំក្នុងការរំដោះទឹកបានលឿន ដែលត្រូវដាក់នៅផ្លូវលេខ២១៣ ក្នុងសង្កាត់​អូរឫស្សី១ និងសង្កាត់បឹងព្រលិត។

សូមជម្រាបថា ការជួសជុលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ នឹងបន្តធ្វើការស្តារប្រឡាយ ដែលនៅព័ទ្ធជុំវិញ បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច ដើម្បីបង្ហូរទឹកទៅកាន់ច្រកលូធំៗ ដែលនៅតាម​ទំនប់បឹងទំពុន តាមប្រព័ន្ធលូពេទ្យចិន៕