(មណ្ឌលគិរី)៖ ជំងឺគ្រុនឈាមអាចនឹងត្រូវប្រកាសអាសន្ន ខណៈដែលអ្នកជំងឺកំពុងតែមានការកើនឡើង ដោយសារតែជំងឺនេះ បាននឹងកំពុងផ្ទុះឡើង និងបន្ដគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ពោលគឺនៅមន្ទីរ​ពេទ្យបង្អែក ខេត្តមណ្ឌលគិរី និងតាមគ្លីនិកឯកជននានា ស្ទើរកកន្លែងសម្រាកសម្រាប់អ្នកជំងឺមិនបាន។

លោក សៀ សុខមៀន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះថា ជំងឺគ្រុនឈាមពិតជាបាន និងកំពុងកើតមានមកលើមនុស្ស​ក្មេងចាស់ប្រុសស្រីស្ទើគ្រប់ស្រុក​ទូទាំងខេត្តពិតប្រាកដមែន ព្រោះអគារព្យាបាលស្ទើតែរកកន្លែងសំរាកមិនបាន។ ជំងឺគ្រុនឈាមឆ្នាំនេះ វាហាក់បីមានការផ្ទុះ​​ឡើងយ៉ាង​ច្រើន​ករណីមែនទែន ខុសគ្នាពីបណ្តាឆ្នាំមុនៗ ជំងឺនេះមាន​ចំនួនតិច​​តួចបំផុត តែទោះបីជំងឺនេះកំពុងផ្ទុះឡើង ច្រើនករណីយ៉ាងណាក៏ដោយ ប៉ុន្តែគ្រោះថ្នាក់ដល់​អាយុជីវិតមនុស្ស ពុំទាន់មានច្រើន​ករណី​នៅឡើយទេ ពោលមានតែក្មេងប្រុសម្នាក់ បានស្លាប់ប៉ុណ្ណោះ នៅស្រុកពេជ្រាដា តែពេលអត្រា​ថមថយចុះ ហាក់បីនៅមានកំរិតតិចនៅឡើយ។

លោកបន្ដថា បញ្ហាដែលមានផ្ទុះឡើងនូវជំងឺនេះ ច្រើនអាចកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ និងមកពីការចំលងមកពីមូសខ្លាខាំ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តា​បង្កើនការយល់ដឹងឲ្យបានខ្ពស់បំផុត អំពីវិធីការពារកុំឲ្យកើតមានជំងឺទាំងនេះ ដូចជា ត្រូវធ្វើអនាម័យខ្លួន កាប់ឆ្ការព្រៃជុំវិញផ្ទះសម្បែង លុបថ្លុក របស់ដែលដក់ទឹកដែលជាជំរកសត្វមូសបង្កពង។

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តបានលើកឡើងថា ជំងឺនេះកើតមានតែបន្ដិចបន្តួចប៉ុណ្ណោះ ធ្វើឲ្យមហាជននានាទូទាំងខេត្តមណ្ឌលគិរី មិនពេញចិត្តនៃការលើក​ឡើងរបស់លោកប្រធាន​មន្ទីរ​សុខាភិបាលខេត្តឡើយ គ្រាដែលពេលនេះអ្នកជំងឺ ជាច្រើននាក់ទាំងក្មេងទាំងចាស់ កំពុងត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត និងពេទ្យឯកជនស្ទើតែរកកន្លែងសម្រាកគ្មាននោះ។ មហាជន​បាន​លើកឡើងថា ការលើកឡើងបែបនេះ មកពីប្រធានមន្ទីររូបនេះ មិនបានមើលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យឡើយ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា ជំងឺនេះ ពិតជាបានកើតឡើងច្រើនករណី ទៅលើមនុស្សក្មេងចាស់ប្រុសស្រី ពិតប្រាកដមែននៅឆ្នាំនេះ ហើយលោក បានធ្វើការអំពាវ​នាវដល់​មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរួមមាន មន្រ្តីសុខាភិបាល មន្រ្តីគ្រប់ក្រុង ស្រុក និងមន្រ្តីមន្ទីរបរិស្ថានផងដែរ ចូលរួមគ្នា ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យពួកគាត់យល់​ដឹងពីវិធីការពារ កុំឲ្យកើតមានជំងឺនេះ។

ជាងនេះទៅទៀត លោកសូមឲ្យ មន្រ្តីៗជំនាញ ជាពិសេសប្រធានៗអង្គភាពពាក់ព័ន្ធទាំងអស់ ហ៊ានទទួលស្គាល់ការពិតដែលបានកើតឡើង ជៀសវាងបង្រួមករណី​ដែលបានកើតឡើងដើម្បី​តែខ្លួនឯងល្អ​។ ម៉្យាងវិញទៀត លោកក៏ស្នើរឱ្យមន្រ្តីជំនាញ និងមន្រ្តីក្រុង ស្រុកទូទាំងខេត្ត សូមមេត្តាកុំមានការស្ពឹកស្រពន់ពេក ដូចជាការចុះធ្វើការណែនាំដល់បងប្អូនបន្ថែមទៀត នៅតាមគោលដៅសំខាន់ដែល​មានជំងឺនេះ​កំពុងរាត្បាត។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ ទៅលើមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថា សព្វថ្ងៃនេះមន្ទីរមួយនេះ ហាក់បីដូចជា ព្រលែងចោលការងាររបស់ខ្លួនទៅហើយ ពោលគឺហាក់បី​ដូចជាមិន​សូវខ្វល់ខ្វាយ​ពីបញ្ហា សំរាមជាដើម ព្រោះនៅឆ្នាំនេះថវិកា របស់ជាតិបានទំលាក់​មកឲ្យមន្ទីរបរិស្ថាន និងក្រុងប្រមាណជិត​២០០លានរៀល សំរាប់ចាត់ចែងលើបញ្ហាផ្សេងៗទាក់ទងអនាម័យនេះ៕