(ភ្នំពេញ)៖ ថ្លែងនៅក្នុងវេទិកាទិវាមច្ឆជាតិ នៅអាងទឹក អន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីឆ្លើយតបស្ថានភាពរបស់បក្សប្រឆាំង ក៏ដូចជាស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានដាក់ជា ប្រស្នាជាច្រើនចំណុចចោទ សួរទៅលោកយាយ លោកតា នៅក្នុងខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានដាក់ចោទជាសំណួរសួរថា តើរវាងអ្នកចាក់ក្រឡេកគេ ហើយគេភ្ញាក់ ដាល់បាក់ធ្មេញ, អ្នកដែលចោទគេភ័យជិតងាប់ និងអ្នកដែលឆ្លើយតបវិញហៅ «អាគុក» ក៏ដូចជារវាងអ្នកដែលចោទថា ប្រពន្ធគេជាសំផឹង និងអ្នកតបតវិញ តើនរណាជាអ្នកខុស និងអ្នកណាជាអ្នកត្រូវ។ លោកយាយលោកតា បានឆ្លើយថា អ្នកដែលចាក់ក្រឡេកគេ អ្នកដែលថាឲ្យគេ និងអ្នកដែលចោទប្រពន្ធគេ គឺជាអ្នកខុស។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមន្រ្តីទូតនានា ដែលចូលរួមក្នុងពិធីកត់ចំណាំចម្លើយ របស់លោកយាយ លោកតា។

បើទោះបីការដាក់ជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះដល់អ្នកណាម្នាក់ ប៉ុន្តែត្រូវបានគេដឹងថា ជាការឌឺដងដល់មេដឹកនាំ បក្សប្រឆាំងលោក កឹម សុខា ដែលនាពេលថ្មីៗនេះ បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា «កំពុងភ័យខ្លួនខ្លាចចាញ់ឆ្នោត» ប៉ុន្តែត្រូវបានសម្តេចតេជោ ប្រតិកម្មខ្លាំងៗទៅវិញដោយបានហៅថា «អាគុក» ហើយបានបញ្ជាក់ថា ការអនុវត្តន៍ច្បាប់ចំពោះលោក កឹម សុខា មិនមានការលើកលែង ឬរាថយឡើយ បើទោះបីលោក កឹម សុខា មិនទៅរកគុក ក៏គុកទៅរកលោកដែរ ហើយអ្នកគាំទ្រមិនការពារចំពោះការអនុវត្តច្បាប់ របស់សមត្ថកិច្ចបានដែរ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖