(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ និងជម្រុញការគ្រប់គ្រង ទឹកទុកបម្រុងជូនប្រជាពលរដ្ឋបរិភោគ និងប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ កុំឲ្យខ្វះខាតទៀតនៅឆ្នាំក្រោយ ព្រោះមានបទពិសោធន៍ ដ៏អាក្រក់មួយហើយនៅពាក់កណ្តាល ឆ្នាំ២០១៦កន្លងទៅនេះ។

ការចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដោយលោកទេសរដ្ឋមន្ដ្រីបានចុះទៅពិនិត្យខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។

លោកទេសរដ្ឋមន្ដ្រី បានចុះពិនិត្យប្រព័ន្ធផ្គត់ផ្គង់ស្តុកទឹក និងទីទួលសុវត្ថិភាពពីទឹកជំនន់ នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី  និងពិនិត្យអណ្តូងទឹកប្រើភ្លើងអគ្គិសនីបូម នៅក្នុងបរិវេណសាលាក្រុងសិរីសោភ័ណ គឺនៅសង្កាត់កំពង់ស្វាយ និងនៅភូមិឈូកសង្កាត់ម្កាក់ ផងដែរ។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានលើកឡើងថា ប្រព័ន្ធអាង ស្រះអណ្តូង ធុងស្តុក បណ្តាញចែកចាយទឹកផ្គត់ផ្គង់ជូនពលរដ្ឋ ដែលរាជរដ្ឋាភិបាល តាមរយ:គណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយ បានផ្ដល់ជូនត្រូវបានចំគោលដៅដោះស្រាយជូនពលរដ្ឋ និងធានាបំពេញឆ្លើយតប តម្រូវការឲ្យគ្រប់គ្រាន់ នៅឆ្នាំក្រោយៗទៀត ព្រោះថាការចំណាយថវិកាស្តារ ជីកអាង ស្រះ អណ្តូង និងប្រព័ន្ធផ្គត់ផ្គង់ទឹកនោះ ក៏អស់ថវិកាច្រើនណាសដែរ។

លោកទេរដ្ឋមន្ដ្រី បន្ដថា ដូច្នេះមន្ត្រី និងអ្នកពាក់ព័ន្ធត្រូវចាត់ចែង ថែទាំ ប្រើប្រាស់ឲ្យបានយូរអង្វែង ព្រោះអណ្តូងនីមួយៗមានតម្លៃថ្លៃណាស់ ហើយត្រូវចេះរក្សាឲ្យ បានគង់វង្ស ដើម្បីឲ្យម្ចាស់ជំនួយមានទឹកចិត្តផ្តល់បន្ត។

ជាងនេះទៅទៀត លោកបានធ្វើការណែនាំដល់ លោកអភិបាលក្រុងសិរីសោភ័ណ លោកចៅសង្កាត់ម្កាក់ ឲ្យពិនិត្យ និងត្រៀមលក្ខណៈ ដើម្បីជីកអណ្តូង ស្រះបន្ថែមទៀតបើចាំបាច់ ហើយក៏ត្រូវប្រគល់ភារកិច្ចជូនមន្ត្រី ឬសហគមន៍ពលរដ្ឋប្រើប្រាស់អណ្តូងទឹកដើរដោយចរន្តអគ្គីសនីនោះ ឲ្យល្អចៀសវាងគ្រោះថ្នាក់ និងខូចខាត ព្រោះថា ឥឡូវនេះជារដូវភ្លៀងធ្លាក់ ដូចនេះពលរដ្ឋមិនចាំបាច់ប្រើអណ្តូងនេះទេ តែពេលខាងមុខ មិនត្រូវឲ្យមានករណីខ្វះទឹក ឬខូចអណ្តូងទើបបំពាក់នោះទេ។

ចំណែកឯនៅស្រុកស្វាយចេក លោកទេសរដ្ឋមន្ត្រី បានសំណេះសំណាល និងណែនាំមន្ត្រីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ឲ្យបន្តចាត់ចែងស្តារ និងជីកស្រះធំៗ នៅឃុំតាបែន និងឃុំដទៃទៀតឲ្យបានជ្រៅ ហើយត្រូវរកប្រភពទឹកមកស្តុកទុក្ខ ឲ្យបានគ្រប់គ្រាន់តាំងពីមានភ្លៀងធ្លាក់តិចៗឡើងទៅ។

លោកក៏បានណែនាំដល់លោកអភិបាលក្រុង និងលោកមេឃុំ ត្រូវយកចិត្តទុកដាក់ឲ្យខ្ពស់នៅអណ្តូងស្នប់ ប្រើប្រាស់ចរន្តអគ្គិសនីនេះឲ្យល្អ ហើយធុងស្តុបទឹកត្រូវតែ មានទឹក មិនមែនគ្មានទឹក គ្មានភ្លើង ដោយឆ្លើយថាផ្ទុះចរន្តអគ្គិសនីឡើយ បើខូចត្រូវចេះជួសជុលវា និងមានអ្នកជំនាញនៅក្បែរ ព្រោះអណ្តូងនេះថ្លៃណាស់ មិនថោកទេ ហើយទីតាំងអណ្តូងនេះមិននៅសាលាក្រុងឡើយ គឺមាននៅតាំងនៅតាមសាលារៀន វត្តអារាម និងសហគមន ណាដែលមានពលរដ្ឋប្រើប្រាស់ មិនមែនជីកនៅក្នុង សាលាក្រុងសិរីសោភ័ណនោះទេ នេះបង្ហាញឃើញថា ទុកសំរាប់តែមន្ត្រីក្នុងសាលាក្រុង ប៉ុណ្ណោះពលរដ្ឋមិនហ៊ានមកដឹកទឹកពីអណ្តូងនេះឡើយ៕