(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបញ្ចប់ការចូលរួមជាអធិបតីក្នុងទិវាមច្ឆាជាតិ នៅខេត្តកំពង់ស្ពឺ រួចមក នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ សម្តេចបានអនុញ្ញាតឲ្យលោកតាអាយុ៨៩ម្នាក់ ដែលប្រកបមុខរបរ ជាអ្នករត់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដែលមានជីវភាពខ្វះខាត ចូលជួបសំណេះសំណាល ដោយសម្រេចរាប់គ្នាជាឪពុក និងកូនធម៌ រួមទាំងចិញ្ចឹមលោកតាពេញមួយជិវិត។

លោកតាអាយុ៨៩ឆ្នាំខាងលើ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូនចំនួន៨នាក់ ដោយមកទីក្រុងភ្នំពេញ ជួលស៊ីក្លូគេរត់ក្នុងមួយថ្ងៃ ៤ពាន់រៀល រកបានចំណូលបន្តិចបន្តួច។

ក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសុំការអនុញ្ញាតលោកតាធ្វើជាឪពុកធម៌ ហើយនៅពេលនោះ សម្តេចតេជោ និងលោកតា ក៏បានស្រុះស្រួលគ្នាសម្រេចទទួលគ្នា ជាកូននិងឪពុកធម៌ចាប់ពីថ្ងៃនេះតទៅ។ ជាពិសេសជាងនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធានាចិញ្ចឹមលោកតាពេញមួយជីវិត​ និងផ្តល់ផ្ទះទេវតា ជូនលោកតា១ខ្នងផងដែរ។

ក្នុងការធានាចិញ្ចឹមនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាប្រចាំខែចំនួន៥០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម រួមទាំងធានានូវការព្យាបាលជំងឺ ជូនជាប្រចាំនៅពេលដែល លោកតាមានបញ្ហាសុខភាព។  

សូមជម្រាបថា ការអនុញ្ញាតឲ្យលោកតា ដែលរកស៊ីធាក់ស៊ីក្លូ ចូលជួបសំណេះសំណាលនេះ ធ្វើឡើងបន្ទាប់ពីលោកតា បង្ហាញនូវទុក្ខលំបាករបស់ខ្លួន ហើយត្រូវបានគេបង្ហោះលើបណ្តាញសង្គម Facebook អំពីសេចក្តីប្រាថ្នារបស់គាត់ ចង់ជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំថវិកា សាងសង់ផ្ទះ នៅឯស្រុកកំណើត។ ព័ត៌មាននេះត្រូវបានដឹងដល់សម្តេចតេជោ ហ៊ុន សែន ហើយក៏មានការរៀបចំការជួបសំណេះសំណាល និងទទួលគ្នាជាឪពុកនិងកូនធម៌នេះ៕