(ប៉ារីស)៖ គ្រូបង្វឹកចំនួន៣រូបហើយ ដែលមានលាឈប់ពីការដឹកនាំក្រុមជម្រើសជាតិរុស្ស៊ី, អង់គ្លេស និងគោជល់អេស្ប៉ាញ បន្ទាប់ពីជ្រុះចេញពីយុទ្ធនាការ UEFA Euro 2016 នៅប្រទេសបារាំងដ៏លឿនបំផុតរបស់ពួកគេ នាពេលថ្មីៗ នេះ។

តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា គិតរហូតមកទល់នឹងពេលនេះ មានគ្រូបង្វឹក៣រូបហើយដែលសម្រេចចិត្ត ចាកចេញពីតំណែងដោយចិត្តឯង ក្រោយដឹកនាំមិនបានល្អលេងក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប Euro 2016 លើកទី១៥នេះ ក្នុងនោះមានគ្រូបង្វឹក Leonid Slutsky បានប្រកាសលាឈប់មុនគេ បន្ទាប់ពីក្រុមជម្រើសជាតិរុស្ស៊ីហាលអាវ តាំងពីក្នុងវគ្គសន្សំពិន្ទុក្នុងពូល B ដោយដឹកនាំលេង៣ប្រកួត ស្មើ១ ដោយលទ្ធផល ១-១ ទល់នឹងអង់គ្លេស ក្រៅពីចាញ់ស្លូវ៉ាគី ២-១ និងចុងក្រោយបាក់មុខក្រោមថ្វីជើងរបស់វ៉េល ៣-០ រកបាន១ពិន្ទុ ឈរនៅបាតតារាង។

គ្រូបង្វឹកវ័យ៤៥ឆ្នាំ ដែលបានចូលកាន់តំណែងធំក្នុងក្រុមជម្រើសជាតិរុស្ស៊ី ជំនួសកៅអីអតីតគ្រូបង្វឹកអង់គ្លេសលោក Fabio Capello កាលពីខែសីហា ឆ្នាំ២០១៥នោះ បានដឹកនាំរុស្ស៊ីលេងឈ្នះ៥ប្រកួត ក្រៅពីចាញ់២ដង និងស្មើម្តង បានបញ្ជាក់យ៉ាងខ្លីថា ការដើរចេញនេះ គឺដើម្បីទុកឱកាសសម្រាប់គ្រូបង្វឹកថ្មីបន្តដឹកនាំរុស្ស៊ី ត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2018 ក្នុងទឹកដីរបស់ខ្លួន។

ងាមកមើលលោក Roy Hodgson ក៏បានលាឈប់ពីក្រុមជម្រើសជាតិអង់គ្លេសភ្លាមៗផងដែរ បន្ទាប់ពីក្រុមតោកំណាច មួយនេះ បានធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអ៊ីស្លង់ ដោយលទ្ធផលបច្ចេកទេស ២-១ ដោយ មិននឹកស្មានទាល់តែសោះ នេះបើយោងតាមសារព័ត៌មាន Dailymail បន្ទាប់ពីចំណាយរយៈពេល ៤ឆ្នាំដឹកនាំអង់គ្លេស ឆ្លងមិនផុតវគ្គ៨ក្រុមចុងក្រោយ ទាំងក្នុងព្រឹត្តិការណ៍ World Cup និង Euro នោះ។

លោក Hodgson ដឹកនាំអង់គ្លេសលេង ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល B ស្មើ២ដង គឺ ១-១ រុស្ស៊ី ស្មើ ០-០ ទល់នឹងស្លូវ៉ាគី និងឈ្នះវ៉េល ២-១ ក្នុងនាមជាក្រុមឈរនៅលេខ២ ប្រចាំពូល B មុនមកលេងចាញ់អ៊ីស្លង់ ២-១ ត្រឡប់ទៅវផ្ទះវិញដ៏លឿនបំផុត។

បើយោងតាមការចេញផ្សាយរបស់ BBC យប់មិញនេះដែរ គ្រូបង្វឹក Vincente del Bosque ក៏បានលាលែងពីគ្រូ បង្វឹកជម្រើសជាតិអេស្ប៉ាញហើយដែរ ដោយមិនអាចជួយអេស្ប៉ាញ ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន ហាលអាវ ត្រឹម១៦ក្រុម ក្រោមថ្វីជើងសត្រូវចាស់អាសូរីអ៊ីតាលី ដោយលទ្ធផលបច្ចេកទេស ២-០ ក្នុងនាមជាក្រុមការពារតំណែង ជើងឯកពាន Euro ដែលបានដឹកនាំឈ្នះ២ដងជាប់ៗគ្នាក្នុងឆ្នាំ២០០៨ និង ២០១២ និងឈ្នះ World Cup ម្តងឆ្នាំ ២០១០ នៅប្រទេសអាហ្វ្រិកខាងត្បូង។

គ្រូបង្វឹកវ័យ ៦៥ឆ្នាំ Bosque បានដឹកនាំអេស្ប៉ាញ ធ្លាក់ជើងបំផុតក្នុង World Cup 2014 នៅប្រទេសប្រេស៊ីល ហាលអាវតាំងពីក្នុងពូល D មុនគេជាមួយនឹងអូស្រ្តាលី មុនពេល២ឆ្នាំបន្ទាប់ក្នុង Euro 2016 នៅបារាំង ជ្រុះចេញពីវគ្គ ១៦ក្រុមថែមទៀត៕