(ភ្នំពេញ)៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថា CCTU បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំពោះ ការចូលជាធរមាន អនុវត្តនៃច្បាប់សហជីពជាផ្លូវការ។

ក្នុងសេចក្តីថ្លែងការណ៍របស់ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានបញ្ជាក់ថា «យើងខ្ញុំទន្ទឹមរង់ចាំច្បាប់នេះ អស់រយៈពេលច្រើនឆ្នាំមកហើយ ព្រោះច្បាប់ការងារ ១៩៩៧ ពុំបានបង្កភាពងាយស្រួលដល់ការបង្កើតសហជីព និងការចុះបញ្ជិកាធ្វើឲ្យយើងខ្ញុំកកស្ទះឯកសារចុះបញ្ជិកាគរ ដូចភ្នំរង់ចាំច្បាប់ថ្មី ដោយយើងខ្ញុំ មានការលំបាកស្វែងរកស្ថាបនិក និងថ្នាក់ដឹកនាំជាកម្មករ ដែលមានអាយុ២៥ឆ្នាំ មកធ្វើជាថ្នាក់ដឹកនាំ សហជីពពលករបានហើយ ត្រូវសុំលិខិតថ្កោលទោសចំណាយពេលយូរ និងលុយទៀត។ ដូចនេះហើយ បានជាយើងខ្ញុំ អបអរសារទរ ចំពោះការចូលជាធរមានអនុវត្តច្បាប់សហជីពនេះ»

ការគាំទ្ររបស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា ធ្វើឡើង ក្រោយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ច្បាប់សហជីព គឺបង្កលក្ខណៈងាយស្រួល ដល់សហជីពកម្ពុជា ក្នុងការចងក្រង និងចុះបញ្ជិកាសហជីព ដើម្បីឲ្យក្លាយជានីតិបុគ្គលស្របច្បាប់ ចរចាអនុសញ្ញារួមជាមួយនិយោជក នៅថ្នាក់រោងចក្រ សហគ្រាស និងថ្នាក់ជាតិ។

សហភាពសហព័ន្ធសហជីពជាតិកម្ពុជាបានស្នើឲ្យ រដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់នេះ ឲ្យបានម៉ឺងម៉ាត់ ដើម្បីក្លាយជាប្រទេសប្រជាធិបេតយ្យ នីតិរដ្ឋពិតប្រាកដ ធានាបានសន្តិសុខ សុវត្ថិភាព ស្ថេរភាពការងារ៕