​(កំពង់ស្ពឺ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាស​ដាក់កំហិតឱ្យម្ចាស់ យានដ្ឋានជួសជុល​រថយន្តជាង​១០០កន្លែង ដែលមិនទាន់ចុះ​បញ្ជីសុំអាជ្ញាប័ណ្ណ ត្រូវរួសរាន់ទៅចុះបញ្ជីអាជ្ញាប័ណ្ណជាបន្ទាន់ ដោយមន្ទីរបានទុករយៈពេល៣០ថ្ងៃទៀតយ៉ាងយូរ។

ស្របនឹងការដាក់កំហិតនេះ ក៏មានមតិប្រជាពលរដ្ឋជាច្រើន បានលើកនៅតាម​ហាងកាហ្វេថា មានយានដ្ឋានជិត​២០០កន្លែង ក្នុងខេត្តកំពង់ស្ពឺ មិនព្រមទៅចុះបញ្ជីសុំអាជ្ញាប័ណ្ណ និងបង់ពន្ធជូនរដ្ឋ តាមច្បាប់ឡើយ ហើយអាចនឹងត្រូវប្ដឹងទៅតុលាការនៅពេលខាងមុខ បើមិនអនុវត្តតាមច្បាប់។

បើផ្អែកតាមតួលេខឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ បញ្ជាក់ថា យានដ្ឋានក្នុងខេត្តកំពង់ស្ពឺ មានចំនួន១៩៤កន្លែង ក្នុងនោះយានដ្ឋាន ដែលបានចុះបញ្ជីសុំអាជ្ញាប័ណ្ណ មានត្រឹមតែ៦១កន្លែង ប៉ុណ្ណោះ នៅសល់១៣៣កន្លែងផ្សេងទៀត មិនទាន់មកស្នើសុំអាជ្ញាប័ណ្ណនោះទេ ហើយមន្ទីរសាធារណការខេត្ត បានចេញសេចក្ដីជូនដំណឹង ឱ្យម្ចាស់យានដ្ឋានទាំងនោះ ត្រូវរួសរាន់ទៅចុះបញ្ជីសុំអាជ្ញាប័ណ្ណជាបន្ទាន់។  

សេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ម្ចាស់យានដ្ឋានដែលមិនទាន់ទៅចុះបញ្ជី មានពេលត្រឹមតែ៣០ថ្ងៃទៀត ជាកំហិត សម្រាប់ចូលសុំអាជ្ញា ប័ណ្ណបើកយាន ដ្ឋាន បើហួសពេលនឹងត្រូវផាកពិន័យតាមនីតិវិធីច្បាប់ ឬ នឹងត្រូវប្តឹងទៅតុលាការទៀតផង»

សេចក្ដីជូនដំណឹងបានបន្តថា មានយានដ្ឋានមួយកន្លែង បានលួចកែឆ្នៃរថយន្តដោយខុសលក្ខណៈបច្ចេកទេស និងទ្រង់ទ្រាយដើម ហើយកត្តាទាំងនេះ បានបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ និងបានបំផ្លាញធ្ងន់ធ្ងរដល់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ មានស្ពាន ផ្លូវថ្នល់ ពិសេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ថែមទៀត ទើបមន្ទីរជំនាញ បាននិងបន្តចុះត្រួតពិនិត្យដល់យានដ្ឋានណា ដែលមិនគោរពច្បាប់ និងធ្វើការផាកពិន័យ និងផ្អាកសកម្មភាពអាជីវកម្ម ឬ ដាក់បណ្ដឹងទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ត៕