(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានឈានដល់ដំណាក់កាល នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចហើយ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម កម្រិតមធ្យម និងជាប្រទេសមានចំណូលកម្រិតមធ្យម នាពេលដ៏ខ្លីខាងមុខ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការពង្រឹងគុណភាព និងផលិតភាពការងារ នាទីស្ដីការក្រសួងការងារ លោករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ដើម្បីកែទម្រង់កំណើនការងារ សមធម៌និងប្រសិទ្ធភាព នៅកម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យស្របតាមទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក អ៉ិត សំហេង បានបន្តថា ស្របនឹងគោលនយោបាយខាងលើ កាលពីពេលប្រារព្ធទិវាពលកម្មអន្តរជាតិ នាថ្ងៃទី០១ឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញនូវទិសស្លោក «លើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្ថិរភាពផលិតកម្ម ផលិតភាពការងារ» ដើម្បីផ្សាភ្ជាប់ទៅនឹងកំណែទម្រង់ស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ សំដៅផ្លាស់ប្ដូរពីឧស្សាហកម្មដែល មានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃខ្ពស់។

លោករដ្ឋមន្រ្តីបន្ថែមទៀតថា «ដោយសារកិច្ចខិតខំប្រឹងប្រែងទាំងរាជរដ្ឋាភិបាល និងក្រសួងការងារផ្ទាល់ ទាំងអស់នេះ ទើបធ្វើឱ្យប្រទេស កម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម កម្រិតមធ្យម ក្នុងពេលឆាប់ៗខាងមុខ»

សូមជម្រាបថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានលើកបង្ហាញពី ផែនការយុទ្ធសាស្រ្តទាំង១១ចំណុច ដែលបាននិងកំពុងអនុវត្តលើវិស័យការងាររយៈពេល៤ឆ្នាំ (២០១៤-២០១៨) និងដាក់ឱ្យមានការ បណ្ដុះបណ្ដាលបន្ថែមដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមជាច្រើននាក់៕