(ភ្នំពេញ)៖ គិតរហូតដល់ម៉ោងជាង១០៖០០ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ រដ្ឋសភា ក្រោមសម្លេងភាគច្រើនដាចខាត បានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន២ ក្នុងចំណោមរបៀបវារៈធំៗចំនួន៤ ដែលដាក់បញ្ចូលនៅព្រឹកមិញ។

របៀបវារៈ២ដែលបានអនុម័តរួចរាល់ភ្លាមៗនោះ រួមមាន៖ ទី១.ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងលើការបរិច្ចាគ ការផ្សំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។ទី២.ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧,ទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពី សេវាកម្ម។

សូមបញ្ជាក់ថា កិច្ចប្រជុំសភាពេញអង្គនាពេលនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានកូរ៉ុមទាំង៦៥រូប។

ចំណែកក្រុមតំណាងរាស្រ្ត មកពីគណបក្សប្រឆាំង ពុំមានវត្តមាន នៅក្នុងកិច្ចប្រជុំពេញអង្គនេះឡើយ បន្ទាប់ពីពួកគេបានប្រកាសធ្វើពហិការ ចាប់តាំងពីមានការស្វែងរកចាប់ខ្លួនលោក កឹម សុខា ដែលពុំបានចូលខ្លួនជាលើកទី២ តាមការកោះហៅរបស់តុលាការ ក្នុងនាមជាសាក្សី រឿងសញ្ជារកម្ម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦៕