(ភ្នំពេញ)៖​ ភ្លាមៗបន្ទាប់ពីចេញផ្សាយព័ត៌មានថា «នគរបាលចរាចរណ៍ម្នាក់ ផាកចំរថយន្ដលោកឧត្តមសេនីយ៍ផ្កាយ៣​ ក្រោយមកត្រូវអង្គភាពបញ្ឈជើង​ សុំកិច្ចអន្ដរាគមន៍ពីសម្តេច ស ខេង», សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការព្រមាននៅលើ Facebook យ៉ាងដូច្នេះថា៖ «ប្រសិននេះជារឿងពិត ខ្ញុំនឹងប្រើប្រាស់អំណាចខ្ញុំជានាយករដ្ឋមន្ត្រី ដើម្បីដកឋានះ និងស្នើរសុំព្រះមហាក្សត្រដកឋានន្តរសក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ នគរបាលជាតិតែម្តង។ ពេលនេះស្ថិតក្នុងដំណាក់ការស្រាវជ្រាវនៅឡើយ»។ 

បងប្រុសមន្រ្តីនគរបាលចរាចរណ៍ ដែលត្រូវបានមេដកបញ្ឈរជើងបានថ្លែងប្រាប់ Fresh News នៅយប់ថ្ងៃទី២៩ ខែមិថុនានេះថា ពិតជាមានការដកបញ្ឈរជើងប្អូនប្រុសរបស់គាត់មែន ហើយ Account Facebook ឈ្មោះ សុវណ្ណ​ រីហ្គេន ក៏ពិតជារបស់ប្អូនប្រុសគាត់។ (សូមមើលវិដេអូននៅកន្លែងកើតហេតុ)៖

ការចេញសារព្រមានដកឧត្តមសេនីយ៍​ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់​ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោ​ ស​ ខេង​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ ដោយសារតែអង្គភាពរបស់ខ្លួ​នដកបញ្ឈជើង​ ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា​ ប៉ះចំរថយន្ដលោឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ​ សុវណ្ណ​ រីហ្គេន​ ដែលបានបង្ហោះនៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៦នេះ។

ក្នុងគណនីយ Facebook នោះបាន​ បញ្ជាក់ថា​ «ខ្ញុំបាទឈ្មោះ​ សូត្រ​ កញ្ញា​ អត្តលេខ៦៧៩៦៨​ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ នៅថ្ងៃទី២៧​ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា​ ហើយថែមទាំងមិនទទួលខុសត្រូវ​ និយាយមិនសមរម្យ មកលើខ្ញុំបាទ​ ដោយបាននិយាយប្រាប់ខ្ញុំថា​ ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ​ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»

យ៉ាងណាក៏ដោយ អង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា បាននៅឡើយទេ នៅយប់ថ្ងៃនេះ៕