(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបញ្ជាក់ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីតួកគីលោក រ៉ាសិប តាយយីប អឺដូហ្គាន់ ថារុស្ស៊ីត្រៀមខ្លួនរួចរាល់នៅក្នុងការស្តារ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យទៅរកភាពប្រសើរឡើងវិញ បន្ទាប់ពីទីក្រុងអង់ការ៉ា ព្រមសរសេរ លិខិតសូមអភ័យទោសជាផ្លូវការ ពីរឿងបាញ់ទម្លាក់យន្តហោះចម្បាំងកាលពី៨ខែមុន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយស៊ិនហួរ នាយប់ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១៦។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ ត្រូវបានវិមានរដ្ឋាភិបាលរុស្ស៊ី ក្រិមឡាំង បញ្ជាក់ប្រាប់ទៅកាន់ អ្នកសារព័ត៌មាននានានៅថ្ងៃពុធ នេះទៀតថា មេដឹកនាំទាំងពីរក៏គ្រោងជួបពិភាក្សាតទល់គ្នា ជាលើកដំបូងផងដែរ ចាប់ពីការប្រេះស្រាំទំនាក់ទំនងស្ទើរដល់ចំណុចសូន្យ កាលពីអំឡុងខែវិច្ឆិកា ដោយសារតែកងទ័ពអាកាសតួកគី បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង ដែលខ្លួនបាន អះអាងថា បានហោះរំលោភដែនអាកាស នៅក្បែរព្រំដែនប្រទេសស៊ីរីនោះ។

គួរបញ្ជាក់ថា ក្រៅពីការសូមទោសរុស្ស៊ីនោះ រដ្ឋាភិបាលនៅតួកគីក៏បានសន្យាទៀតថា នឹងបើកការស៊ើប អង្កេតរកជនដៃដល់ ដែលបានសាងកំហុសក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ដោយការយល់ ច្រឡំកាលពី ៨ខែមុននេះ ដែលបានបណ្តាលឲ្យពីឡុតជាតិរុស្ស៊ីម្នាក់ស្លាប់ផងដែរ។ មេដឹកនាំទាំងពីរ បានអះអាងថា ការស្តារទំនាក់ទំនងឡើងវិញ ត្រូវចាប់ផ្តើមឡើងពីវិស័យដូចជា ពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, និងវិស័យសំខាន់ៗមួយចំនួនទៀត រវាងប្រទេសទាំងពីរ៕