(ភ្នំពេញ)៖ យុទ្ធនាការមួយចុះរឹបអូសតន្រ្តីជនពិការ នៅរាជធានីភ្នំពេញ របស់អាជ្ញាធរ នឹងចាប់ផ្តើមជាថ្មីម្តងទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្អែកនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានពិនិត្យមើលឃើញថា ទិដ្ឋភាពតន្រ្តីជនពិការដែលមាននៅតាមផ្សារ តាមស្តុបដែលចាប់ផ្តើមកក្រើកឡើងវិញនោះ ធ្វើឱ្យប៉ះពាល់ ធ្ងន់ធ្ងរដល់ភ្ញៀវទេសចរ និងសោភ័ណភាពទីក្រុង។ នេះបើតាម លោក មាន ចាន់យ៉ាងដា អ្នកនាំពាក្យសាលារាជធានីផ្នំពេញ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យរាជធានីភ្នំពេញ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះថា នៅថ្ងៃស្អែកនេះ កម្លាំងសមត្ថកិច្ចនឹងធ្វើការរឹបអូសយក ឧបករណ៍ប្រគុំតន្ដ្រីទាំងអស់របស់ជនពិការ ដែលនូវតែរឹងទទឹង មិនព្រមបញ្ឍប់សកម្មភាពនេះ។

លោកបានបន្ថែមថា កន្លងមកសាលារាជធានី បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ ហើយថាមិនត្រូវឲ្យជនពិការទាំងអស់ មកប្រគុំតន្ដ្រីតាមផ្លូវសាធារណៈនោះទេ ព្រោះថាវាធ្វើឲ្យមានការរំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវ ជាងនេះទៅទៀតវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្លូរផងដែរ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ជំរុញឱ្យក្រុមហ៊ុន ក្រសួង និងស្ថាប័ននានា ជ្រើសរើសជនពិការឲ្យចូលបម្រើការងារ និងបានទំនាក់ទំនងទៅតាមទីតាំងប្រគុំតន្ត្រីតាមរង្គសាលនានា ដើម្បីឲ្យជនពិការបានច្រៀងកន្លែងប្រកបរបរចិញ្ចឹមជីវិតផងដែរ។ ប៉ុន្តែករណីនេះជនពិការក៏ធ្លាប់ត្អូញត្អែថា ការទទួលយកជនពិការឱ្យធ្វើការ មិនទាន់ទូលំទូលាយនៅឡើយទេ ខណៈដែលជនពិការ នៅក្នុងប្រទេសកម្ពុជា មានចំនួនច្រើនលើសលុប៕