(អ៉ីស្តង់ប៊ុល)៖ រដ្ឋាភិបាលនៃប្រទេសតួកគី បានប្រកាសជាផ្លូវការថា ចំនួនអ្នកស្លាប់នៅក្នុងករណី​​វាយប្រហារនៅ​​​អាកាសយានដ្ឋាន Ataturk Airport បានកើនឡើងដល់ ៤១នាក់ និងរបួសចំនួន ២៣៩នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយ Update នៅមុននេះ​បន្តិច។

នៅក្នុងសេចក្ដីប្រកាសក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងចំណោមអ្នកស្លាប់នោះ មាន​ជនបរទេស ១០នាក់ ក្នុងនោះមាន ៣នាក់ មានសញ្ជាតិពីរ ខណៈដែលមនុស្ស ១៣០នាក់កំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ។

ក្រោយពីមានការវាយប្រហារ នាយករដ្ឋមន្ត្រីតួកគីលោក Binali Yildirim បានប្រកាសថា ក្រុមភេរវករ ISIS ជាមុខ ព្រួញធំជាងគេដែលយើងត្រូវចោទ ចំពោះការវាយប្រហារព្រលានយន្តហោះ ទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែ​រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ឡើយ។

គួរបញ្ជាក់ថា ព្រលានយន្តហោះ Ataturk ជាព្រលានធំជាងគេលំដាប់ទី៣ នៅអឺរ៉ុប ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ តាមពិតក្រុមសន្តិសុខព្រលាន បានព្យាយាមបញ្ឈប់ក្រុមអ្នកការវាយប្រហារ ដោយការតាមចាប់ទៅដល់ចំណុចត្រួតពិនិត្យ ប៉ុន្តែអ្នកវាយប្រហារទាំងពីរនាក់ បានទម្លាក់គ្រាប់បែក នៅតំបន់ខាងលើនេះ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់បែបនេះ៕