(ភ្នំពេញ)៖ ស្រ្តីមេកន្ទុយលេខចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែងនៅរសៀលថ្ងៃនេះ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តនីតិវិធីបន្តទៀត។

លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា អយ្យការបានបំបែករឿងនេះជាពីរ ដោយបើកការស៊ើបសួរលើអ្នកទទួលកត់ឆ្នោត បញ្ជូនទៅចៅក្រមសើបសួរ ហើយសម្រេចបញ្ជូនទៅជម្រះផ្ទាល់ចំពោះអ្នកទៅចាក់ឆ្នោត៣នាក់។ មកដល់ពេលនេះមិនទាន់មានការដោះលែងអ្នកទាំងនេះនៅឡើយទេ ដោយទុកជូនចៅក្រមបន្តចំណាត់ការតាមនីតិវិធី។

ស្រ្តីមេកន្ទុយលេខម្នាក់ ដែលគ្មានសំណាង ត្រូវបានលោកព្រះរាជអាជ្ញាដោះលែងនោះ មានឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានបង្ហាញការតូចចិត្តតូចថ្លើម ពីព្រោះទំរាំការឈានទៅដល់ការចុះបង្ក្រាបល្បែងកន្ទុយលេខនេះ គឺឆ្លងតាមការស្រាវជ្រាវយ៉ាងខ្លាំង រហូតចុះបង្ក្រាបជាក់ស្តែង ហើយចាប់ខ្លួនបាន៤នាក់ ​ព្រមទាំងដកហូតសម្ភារមួយចំនួនផងដែរ៕