(ភ្នំពេញ)៖ ប្រតិកម្មទៅនឹងអ្នកលេង Facebook ម្នាក់ ដែលបានចូលទៅ Comment ថាការចែកសញ្ញាបត្រជូននិស្សិត របស់សម្តេចតេជោ ហ៊ុន សែន កំពុងដណ្តើមការងាររដ្ឋមន្រ្តីក្រសួងអប់រំនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅវិញថា ក្រុមនិស្សិតតែងចង់ឱ្យនាយករដ្ឋមន្រ្តីចែកសញ្ញាបត្រជូនពួកគេ ដែលនេះជាការផ្តល់កិត្តិយសជូននិស្សិតយ៉ាងធំធេង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំទៅចែកសញ្ញាបត្រឱ្យនិស្សិត មានគេថារដ្ឋមន្រ្តីក្រសួងអប់រំ ទៅជាអ្នកធាក់ស៊ីក្លូហើយព្រោះថា យើងទៅដណ្តើមការងាររបស់រដ្ឋមន្រ្តីក្រសួងអប់រំ ទៅជាឆ្កុយអញ្ចឹងទៅ ! មក Comment ចូលទៅក្នុង Facebook ធ្វើឡូយទៀត ប៉ុន្តែត្រូវដឹងថានិស្សិតទាំងឡាយ គេចង់បាននាយករដ្ឋមន្រ្តី ទៅចែកសញ្ញាបត្រជូនពួកគេ បើខ្ញុំបំផុសពួកនិស្សិត អ្នកឯងនឹងរត់ចោលស្រុកហើយ»។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)៖

សម្តេចតេជោ បានបន្ថែមទៀតថា «និស្សិតគេត្រូវការនាយករដ្ឋមន្រ្តី ដើម្បីកិត្តិយសរបស់ពួកគេ សាលានានាគេខំធ្វើយ៉ាងម៉េចដាក់ពាក្យ៣ខែមុន ៥ខែមុនឯណោះ ដើម្បីឱ្យនាយករដ្ឋមន្រ្តីទៅចែកសញ្ញាបត្រឱ្យពួកគេ»

ក្រៅពីការលើកឡើងអំពីអ្នកចោទសម្តេច ដណ្តើមការងាររដ្ឋមន្រ្តីក្រសួងអប់រំ សម្តេចក៏រំលេចដែរថា មានអ្នកចោទសម្តេចថា ដណ្តើមការងាររបស់រដ្ឋមន្រ្តី ក្រសួងធម្មការថែមទៀត រឿងដែលសម្តេចបានចូលរួមកាត់ខណ្ឌឬសសីមា នៅតាមទីវត្តអារ៉ាម ដែលជាទំនៀមទម្លាប់ប្រពៃណី របស់កម្ពុជា៕