(កណ្ដាល)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលលិចនៅក្នុងទន្លេ​ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ក្នុងភូមិកោះពាមរាំង​ ឃុំពាមរាំង​ ស្រុកលើកដែក​ ខេត្តកណ្តាល ដើម្បីពន្យល់ពីដំណើរការបើកប្រតិបត្តិការ បោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ។

វេទិកាសាធាណៈនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក គណ:កម្មការអន្តរក្រសួង ដើម្បីសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលលិចនៅក្នុងទន្លេ​រួមមាន៖ នាយឧត្តមសេនីយ៍ ជា សុគន្ធា, ឧត្តមសេនីយ៍ឯក ចាប ភក្ដី, ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងរ៉ែ និងថាមពល, អភិបាលរងខេត្តព្រៃវែង, អភិបាលរងខេត្តកណ្តាល លោកអភិបាលស្រុកលើកដែក មន្រ្តីរាជការក្នុងស្រុកលើកដែក កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋសរុបប្រមាណជាង៥០០នាក់។

លោក ហេង រតនា បានបញ្ជាក់ថា គណ:កម្មការអន្តរក្រសួង រួមជាមួយរដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល​ និងរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង​ រៀបចំវាទិកាសាធារណៈនេះ​ មានគោលបំណង​ ដើម្បី​ផ្សព្វផ្សាយ ​ស្តីពី​កិច្ចប្រតិបត្តិការ​ស្រង់គ្រាប់មិនទាន់ផ្ទុះ​ និងបំបែកនាវាដែលបានរកឃើញ នៅបាតទន្លេស្ថិតតំបន់ក្បាលកោះ នៃកោះពាមរាំង​ ឃុំកោះចេក ដើម្បីស្វែងយល់ និងដោះស្រាយកង្វល់​ ព្រមទាំងសំណូមពរ​ របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ លើកោះពាមរាំង​ និងក្បែរតំបន់ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

លោក ហេង រតនា​ ពន្យល់ថា កិច្ចប្រតិបត្តិការនេះបានគិតគូរ និងការប្រើប្រាស់សម្ភារៈបច្ចេកទេសទាន់សម័យ​ មានរូបភាពផែនទីច្បាស់លាស់ណាស់​ ហើយការបូមខ្សាច់ ដើម្បីបំរើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោន លិចក្រោមដីបាតទន្លេ​ ស្ថិតតែនៅផ្នែកខាងលើនៃក្បាលកោះ​ ដោយតំបន់ដីគោក គឺប្រើប្រាស់គ្រឿងចក្រកាយដីយកគ្រាប់ និងលុបដីជូនប្រជាពលរដ្ឋវិញ​ និងគ្មានហេតុផលបង្កផលប៉ះពាល់ ដល់ប្រជាពលរដ្ឋឡើយ​ ព្រោះកិច្ចប្រតិបត្តិការនេះ ដើម្បីសេចក្តីសុខសុវត្ថិភាពប្រជាពលរដ្ឋ និងសង្គមជាតិ​ ក៏ដូចគាំទ្រការអភិវឌ្ឍនប្រទេសជាតិ។​

លោក ហេង រតនា បានឲ្យដឹងផងដែរថា កិច្ចប្រតិបត្តិការ៨ខែកន្លងទៅនេះ សម្រេចបានលទ្ធផលស្រង់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២,៧០៧គ្រាប់​ ក្នុងនោះមានគ្រាប់មីនចំនួន ៣៦គ្រាប់​ កាំភ្លើងធុនស្រាលចំនួន២ដើម​ គិតជាទម្ងន់សរុបជាង ៤០តោន។

លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដូចក៏ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដោយជំរុញឲ្យការអនុវត្តនូវប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលលិចនៅក្នុងទន្លេ​នេះ កុំឲ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ដោយក្តីបារម្ភពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ពីផលប៉ះពាល់ដោយសារគ្រាប់មិនទាន់ធ្វើ ទើបសម្រេចចិត្តបង្កើតឲ្យមានការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេនេះឡើង។

លោកបន្ថែមថា នៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាបសុទ្ធតែរងនូវផលប៉ះពាល់ ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដឹកគ្រាប់ដែលលិចនៅក្នុងទន្លេ​ ជាក់ស្តែងត្រង់ចំណុចកោះពាមរាំងនេះ គ្រាន់ជាចំណុចមួយ ក្នុងចំណុចរាប់រយដទៃទៀត ដែលមានបន្សល់ និងកប់ទុកក្រោមដីនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃស្រុកលើកដែក និងស្រុកពាមរក៍ ខេត្តព្រៃវែង បានបង្ហាញនូវការគាំទ្រនូវការងារបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលលិចនៅក្នុងទន្លេ​នេះ ប៉ុន្តែពួកគាត់មានការព្រួយបារម្ភពីការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ដីធ្លីរបស់ពួកគាត់ ប៉ុន្តែគណ:កម្មការអន្តរក្រសួង និងអាជ្ញាធរបានព្យាយាមធ្វើយ៉ាងដោះស្រាយ កុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕