(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការចាប់ឆ្នោតផ្សងសំណាង កម្មវិធី «វិក្កយបត្រនាំសំណាង» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ នៅសួនច្បារមុខវត្តបទុមវតី។

កម្មវិធីទូរស័ព្ទដៃ GDT Lucky Draw App ដែលជាកម្មវិធីវិក្កយបត្រនាំសំណាងនោះ កំពុងទទួលបានការទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកជាប់ពន្ធ ក្នុងការថតវិក្កយបត្រផ្ញើចូលមកកម្មវិធីនេះ ដើម្បីទទួលបានរង្វាន់ជាច្រើន។

កម្មវិធី «វិក្កយបត្រនាំសំណាង- GDT Lucky Draw» ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងនៃការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពថែមទៀត។

ចំពោះវិក្កយបត្រនាំសំណាងនេះមិនថា បងប្អូនប្រជាពលរដ្ឋបានចូលទិញទំនិញក្នុងហាងនានា មិនថាហាងតូច ឬធំនៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិក្នុងផ្ញើវិក្កយបត្រ ដើម្បីចូលរួមក្នុងកម្មវិធីវិក្កយបត្រនាំសំណាង។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលបានវិវិក្ដយបត្រពីបណ្ដាហាងនានា មានឈ្មោះត្រឹមត្រូវ តែមិនបានចុះបញ្ជីពន្ធដារ ក៏បងប្អូនប្រជាពលរដ្ឋ នៅតែអាចផ្ញើចូលក្នុងកម្មវិធី វិក្កយបត្រនាំសំណាងរបស់ពន្ធដារ និងទទួលបានការចាប់ឆ្នោតផ្សងសំណាង។

រង្វាន់រួមមាន៖ រថយន្ដ Mazda ២គ្រឿង, ម៉ូតូ HONDA ១០គ្រឿង, ទូរស័ព្ទដៃ iPhone ចំនួន១០រង្វាន់ និងទូរទស្សន៍ចំនួន២០រង្វាន់៕