(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបំពាក់ឯកសណ្ឋានថ្មី និងសម្ភារៈការងារមួយចំនួន ជូនដល់ប្រជាការពារជាង ៣០៦នាក់ នៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម ។

ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការងាររបស់ប្រជាការពារ អាជ្ញាធរខេត្តក៏ដូចជាក្រុមការងារចុះជួយខេត្ត បានសម្រេចផ្ដល់ជូននូវឯកសណ្ឋានឱ្យបានស្អាត និងសម្ភារៈមួយចំនួនដើម្បីងាយស្រួលធ្វើការ។ ដោយក្នុងនោះសម្រាប់ប្រជាការពារ ១នាក់ បានសម្លៀកបំពាក់២កំប្លេ និងផ្ដល់ជូនវិទ្យុទាក់ទង ក្នុងមួយក្រុម ២គ្រឿង និងដំបងចរាចរណ៍២ រួមទាំងសម្ភារមួយចំនួនទៀត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ នឹងត្រូវទប់ស្កាត់នៅបទល្មើសផ្សេងៗ មានដូចជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿងញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះគឺប្រជាការពារយើងអាចរួមចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ចនគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារអាចធ្វើកិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់កម្លាំងប្រជាការពារទាំងអស់ ប្រសិនបើមានហេតុការណ៍ដូចជាអំពើចោរកម្ម ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ឬបញ្ហាក្មេងទំនើងជាដើម ត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាល ឬមេភូមិ ចៅសង្កាត់ ដើម្បីសហការគ្នា ដើម្បីធ្វើការឈានធ្វើការបង្ក្រាប រាល់បទល្មើសទាំងនោះឱ្យបានទាន់ពេលវេលា៕