(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តរៀបចំជំនួបជាមួយអ្នកបើកម៉ូតូដឹកម្ហូប ឬដឹកទំនិញ ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ និងវិធានការនានា បង្កាពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។ ការងារនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

ពិធីនេះ ក៏មានការចូលរួមពី តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ, នាយការិយាលយ័នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងអភិបាលរងក្រុងព្រះសីហនុ និងប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន Food Panda ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានលើកឡើងថា ក្នុងនាមជាអ្នករកស៊ី និងអ្នកដឹកជញ្ជូនម្ហូបអាហារជូនអតិថិជន គឺគិតសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជន ដើម្បីមានការពេញចិត្តពីអតិថិជន តែយ៉ាងណាមិញយើងក៏ត្រូវតែគិតសុវត្ថិភាពនៅលើដងផ្លូវ ក៏ដូចជាគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការគ្រោះថ្នាក់ផ្សេងៗ កើតឡើងពីការប្រញាប់ដោយមិនបានគិតពីច្បាប់ចរាចរណ៍ និងមិនបានគោរពភ្លើងស្តុបជាដើម។

លោកបន្តថា មួយរយៈចុងក្រោយមកនេះជាក់ស្តែងឃើញមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញ៉ាប់ ដែលភាគរយច្រើនគឺបណ្តាលមកពីបងប្អូនអ្នកដឹកជញ្ជូនម្ហូបអាហារ បង្កឡើងដោយកត្តាមិនចូលរួមគោរពច្បាប់ចរាចរណ៍ ភ្លើងស្តុប ការប្រញាប់ជ្រុលមិនបានគិតពីល្បឿន នៃការបើកបរនៅក្នុងក្រុង។ លោកបានអំពាវនាវដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងពីការគ្រោះថ្នាក់ចរាចរណ៍ និងរក្សាបាននៅសុខសុវត្តិភាពតាមដងផ្លូវ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក អាន គីមសុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ក៏បានពន្យល់ណែនាំពីស្លាកសញ្ញាចរាចរណ៍ ដល់ភ្នាក់ងារដឹកជញ្ជូនឲ្យយល់កាន់តែច្បាស់ដើម្បីយកទៅអនុវត្ត ប្រើប្រាស់ឲ្យសមស្របទៅតាមស្លាកសញ្ញានីមួយៗ នៅតាមដងផ្លូវ។ លោកបានថ្លែងអំណគុណដល់ភ្នាក់ងារទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ លោកសង្ឃឹមថាចាប់ពីថ្ងៃនេះទៅបងប្អូន នឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕