(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមរយៈ Facebook ផ្លូវការបានបង្ហោះសារសូមគោរពថ្លែងអំណរព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និងសូមថ្លែងអំណរគុណដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោកលោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមពិធីបុណ្យដោយផ្ទាល់ ក៏ដូចជាបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព លោកជំទាវ ប៊ុន សុថា។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរ ព្រះគុណថ្វាយ ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចយាយ និងសូមថ្លែងអំណរគុណដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី សហការី និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលា ចូលរួមពិធីបុណ្យដោយផ្ទាល់ ក៏ដូចជាបានផ្ញើសារ និងពាក្យពេចន៍រំលែកទុក្ខជាមួយក្រុមគ្រួសារខ្ញុំ ចំពោះមរណភាពរបស់អ្នកមីងបង្កើតរបស់ខ្ញុំ។

ទឹកព្រះទ័យ ទឹកចិត្ត និងកាយវិការដ៏មានអត្ថន័យជ្រាលជ្រៅនេះ ពិតជាបានឆ្លុះបញ្ចាំងពីមនោសញ្ចេតនាស្រលាញ់ រាប់អានចំពោះយើងខ្ញុំ ជាពិសេសក្នុងកាលៈទេសៈដ៏សោកសង្រែងនេះ។

ទូលបង្គំជាខ្ញុំ ខ្ញុំបាទសូមថ្វាយព្រះពរ និងគោរពជូនពរ ដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចយាយ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់ទទួលបាននូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕