(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០១៦នេះ បុរី ប៉េង ហួត បានចេញប្រកាសបដិសេធចំពោះករណីចុះផ្សាយថា មានករណីបាត់រថយន្ត Lexus RX330 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AJ-5197 ម្ចាស់ឈ្មោះ Park Young Ran ជាជនជាតិកូរ៉េ មុខរបរ ជាគ្រូបង្ហាត់តៃក្វាន់ដូ ស្នាក់នៅក្នុងបុរីប៉េងហួត ផ្ទះលេខ៨៧៥ ផ្លូវលេខ៥ កាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅ។

បុរី ប៉េង ហួត សូមបំភ្លឺថា ពុំមានករណីបាត់រថយន្ត Lexus 330 នោះទេ, រថយន្តនេះគឺប្រពន្ធរបស់លោក Park Young Ran ជាជនជាតិកូរ៉េ បានយកជិះទៅបាត់ ដោយសារទំាងពីរប្តីប្រពន្ធ មានទំនាស់ជាមួយគ្នា។​ ដោយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ រថយន្ត Lexus 330 ត្រូវបានប្រទះឃើញ ប្រពន្ធរបស់គាត់ជិះត្រឡប់មកផ្ទះវិញ នៅក្នុងបុរីប៉េងហួត គម្រោងព្រីមៀរ៍ ផ្លូវ៥៩៨ (ជាសុផារ៉ា) ខណ្ឌប្ញស្សីកែវ។ 

បុរី ប៉េង ហួត សូមបំភ្លឺថា វាជារឿងភាន់ច្រឡំ។ បុរី ប៉េង ហួត បានបញ្ជាក់បន្ថែមថា ករណីយករថយន្តវិលត្រឡប់មកវិញនេះ ខាងកម្លាំងសមត្ថកិច្ចក៏បានដឹងលឺអំពីករណីនេះផងដែរ (ដូចរូបភាពខាងក្រោម)។

សូមជំរាបថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មានជនជាតិកូរ៉េម្នាក់ ជាអតិថិជនរស់នៅក្នុងបុរីប៉េងហួត ផ្លូវ៥៩៨ (ជាសុផារ៉ា) សង្កាត់ច្រាំងចំរេះ ទី១ខណ្ឌឫស្សីកែវនោះ ត្រូវចោរលួចយករថយន្ត Lexus 330 មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២AJ-៥១៩៧ ម្ចាស់ឈ្មោះ Park Young Ran ជាជនជាតិកូរ៉េ មុខរបរ ជាគ្រូបង្ហាត់តៃក្វាន់ដូ ស្នាក់នៅក្នុង បុរី ប៉េង ហួត ផ្ទះលេខ៨៧៥ ផ្លូវលេខ៥៕