(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងមិនបាននៅចូលរួមបុណ្យ៧ថ្ងៃ លោកជំទាវ ហ៊ុន សុថា ដែលជាប្អូនថ្លៃស្រីទេ ដោយសារត្រូវបំពេញភារកិច្ចទៅទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ដែលកម្មវិធីព្រមព្រៀងគ្នាតាមរយៈការទូតរយៈពេលជាងមួយខែមកហើយ។

តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់អំពីការអាឡោះអាល័យ ដោយការសោកសង្រែង។

សម្ដេចបានថ្លែងដូច្នេះថា៖ «ប្អូនស្រីថ្ងៃស្អែកបែកគ្នា! សល់តែមួយយប់ទៀតប៉ុណ្ណោះរូបកាយប្អូននឹងត្រូវបញ្ចុះទៅក្នុងព្រះធរណី ដែលជាទីកន្លែងសម្រាកចុងក្រោយរបស់ប្អូន។ បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារ តែនេះជាក្រឹត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់ តែអ្វីជាការសោកស្តាយ គឺនៅត្រង់មនុស្សដែលមានអាយុច្រើនធ្វើបុណ្យសពឲ្យមនុស្សដែលមានអាយុតិចជាង។

ជាគ្រួសារមួយដែលមិនធ្លាប់មានទំនាស់ ទោះតូចក្តីធំក្តីមិនដែលមានភាពរកាំរកូស សូម្បីពាក្យសម្ដីមួយម៉ាត់ ការបែកគ្នាដោយគ្មានពេលជួបវិញ ពិតជាបានធ្វើឲ្យក្រុមគ្រួសារកាន់តែអាឡោះអាល័យនឹកស្រណោះដល់ពេលដែលកន្លងហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយជីដូននិងម្តាយមីង បានមើលថែទាំដល់ពួកគេ។

ដូចឆ្នាំកន្លងមកដែរ ពេលបងប្រុសមរណភាព ខ្ញុំមិនបានចូលរួមបុណ្យ៧ថ្ងៃនោះទេ ព្រោះត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិក។ លើកនេះ ពេលប្អូនស្រីទទួលមរណភាព ពេលបុណ្យ៧ថ្ងៃ ត្រូវដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ដែលកម្មវិធីនេះបានព្រមព្រៀងគ្នា តាមរយៈការទូតជាងមួយខែមកហើយ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាសប្តាហ៍ក្រោយនេះ។ សម្ដេ ធ្លាប់បានបង្ហាញក្តីរំពឹងថា សម្តេចនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននេះ ជាមួយនឹងគម្រោងថ្មីៗបន្ថែមដែលត្រូវចុះហត្ថលេខារវាងភាគីទាំងពីរ ក្នុងនោះរាប់តាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផងដែរ៕