(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី នៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ក្នុងនោះមេក្លោង៥នាក់ និងអ្នកប្រើប្រាស់៤នាក់ រួមជាមួយថ្នាំញៀនប្រមាណ២គីឡូក្រាម។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបញ្ជាក់ថា ជនសង្ស័យទាំង៩នាក់ដែលត្រូវបានចាប់ខ្លួន រួមមាន៖ ទី១៖ឈ្មោះ ថន ផល្លា អាយុ៣៣ឆ្នាំ (ជាមេក្លោង), ទី២៖ឈ្មោះ ផន ស្រីណា ភេទស្រី អាយុ៤១ឆ្នាំ (ជាមេក្លោង), ទី៣៖ឈ្មោះ លឹម ស្រីអូន ភេទស្រី អាយុ៥២ឆ្នាំ (ជាមេក្លោង), ទី៤៖ឈ្មោះ ផាន់ លំអង អាយ៣៣ឆ្នាំ (ជាមេក្លោង), ទី៥៖ ឈ្មោះ សឿន ចាន់ណា អាយុ៣២ឆ្នាំ (អ្នកប្រើប្រាស់), ទី៦៖ឈ្មោះ ឆន សុឃឿន អាយុ៤៣ឆ្នាំ (អ្នកប្រើប្រាស់), ទី៧៖ឈ្មោះ យ៉ង សុភាស់ អាយុ២០ឆ្នាំ (អ្នកប្រើប្រាស់) និងទី៨៖ឈ្មោះ ធី ឡុង អាយុ២៣ឆ្នាំ (អ្នកប្រើប្រាស់) និងឈ្មោះ ណាំ វ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

សម្រាប់ប្រតិបត្តិការដំបូងដែលចាប់ជនសង្ស័យចំនួន៨នាក់ កម្លាំងអាវុធហត្ថាបានដកហូតថ្នាំញៀន​ និងវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន១៥កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៤គ្រាប់, ដបជក់ ចំនួន៣, ទូរស័ព្ទដៃ ចំនួន៥គ្រឿង, រថយន្ត ចំនួន១គ្រឿង, ម៉ូតូ ចំនួន១គ្រឿង និងប្រាក់ចំនួន២០០.០០០រៀល។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ រហូតដល់ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី កម្លាំងអាវុធហត្ថជំនាញ បានបន្តនីតិវិធី ចុះទៅចំណុចភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដោយដកហូតរថយន្តចំនួន០៣គ្រឿង ដែលជារបស់ឈ្មោះ ថន ផល្លា រួមមាន៖ រថយន្ដ ម៉ាក KIA ពណ៌ស ស្លាកលេខ ខេមរភូមិន្ទ01 2-7306, រថយន្ដ ម៉ាក HONDA CRV ពណ៌ប្រាក់ (គ្មានស្លាកលេខ) និងរថយន្តម៉ាក Moning ពណ៌ស គ្មានស្លាកលេខ។

មកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៧:៥៥នាទី កម្លាំងអាវុធហត្ថ បានបន្តនៅចុះទៅចំណុចបន្ទប់ជួល ស្ថិតភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតចុងក្រោយឈ្មោះ ណាំ វ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

ក្រោយចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លា ០១កញ្ចប់ធំ ០៥កញ្ចប់តូច, ជញ្ចីងថ្លឹង១, ដបជក់១, ទូរស័ព្ទ២គ្រឿង, ស្លាកលេខ រថយន្ត២ ម៉ូតូ១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១, ស្លាបព្រាចូកគ្រឿងញៀន១
និងដែកកេះ៣។

លោកឧត្តមសេនីយ៍បានបន្តទៀតថា រហូតដល់វេលាម៉ោង១៧:២០នាទី ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងបានបន្តពន្លាតសមត្ថកិច្ចដែនដី ទៅរាជធានីភ្នំពេញ ដោយបង្ក្រាប និងដកបានវត្ថុតាងមួយចំនួនផងដែររួមមាន៖ ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ តែជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំពោះគ្រឿងញៀនបង្ក្រាបបាន សរុបជាង៣គីឡូក្រាម។

បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី, ក្រោមការសម្របសម្រួលពីតំណាងអយ្យការនៅល្ងាចនេះ កម្លាំងជំនាញរបស់លោកបានបញ្ជូនជនសង្ស័យទាំង៩នាក់ និងវត្ថុតាងទាំងអស់ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់៕