(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មី (ការបោះឆ្នោតឡើងវិញ) ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការ នូវបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយរួចមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតបោះឆ្នោតឡើងវិញ។

ពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតនេះ បានប្រព្រឹត្តទៅជាសាធារណៈ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីតំណាងគណបក្ស នយោបាយទាំង៣ នៅតាមលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៃខេត្តសាមីពាក់ព័ន្ធផងដែរ ដោយលទ្ធផលត្រូវបានបង្ហាញដូចសេចក្តីប្រកាសខាងក្រោម៖