(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ត្រូវជាប្អូនថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន និងជាប្អូនបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅគេហដ្ឋានសពលេខ៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោក ថោង ខុន បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងបានសរសេរសាររំលែកមរណទុក្ខជូនក្រុមគ្រួសារ ព្រមទាំងបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកជំទាវ ប៊ុន សុថា បានទទួលមរណភាព នៅវេលាម៉ោង ៦:១៣ នាទីល្ងាច ថ្ងៃសុក្រ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវ នឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕