(កំពង់ឆ្នាំង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត ដែលមានរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់។

ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ រៀបចំធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក ហេង រតនា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណងពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ លើជំនាញបច្ចេកទេសហ្វឹកហ្វឺន និងប្រើប្រាស់សុនខល្បាត ជូនដល់សិក្ខាកាមដែលជាគ្រូហ្វឹកហ្វឺនបច្ចេកទេសសុនខរបស់ស៊ីម៉ាក់ និងមន្ត្រីជំនាញបច្ចេកទេសសុនខ របស់កងកម្លាំងសមត្ថកិច្ច នៃស្ថាប័នពាកព័ន្ធ។

សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះ ក៏មានសិក្ខាកាមមកពីនាយកដ្ឋាននគរបាលអន្តរាគមន៍ពិសេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជារការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម​ និងបញ្ជាការដ្ឋានទ័ពពិសេសផងដែរ​។

វគ្គហ្វឹកហ្វឺននេះ​ មានគ្រូឧទ្ទេសជំនាញសុនខ ល្បាតមកពីប្រទេសអូស្ត្រាលី​ និងសហរដ្ឋអាមេរិក​​ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើជំនាញបច្ចេកទេសជាក់ស្តែង៕