(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងវិស្វកម្មកងទ័ពជើងគោក លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីកាត់បន្ថយផ្ទៃដី និងគ្រប់គ្រងព័ត៌មានប្រតិបត្តិការ ដែលរៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក និងសហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន។

ក្នុងរបាយការណ៍វគ្គបណ្តុះបណ្តាល ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការកងវិស្វកម្មកងទ័ពជើងគោក បានថ្លែងថា ចាប់តាំងពីកងទ័ពជើងគោក បានចូលរួម និងទទួលគម្រោងបោសសម្អាតមីនមនុស្សធម៌ ពីអាជ្ញាធរមីនឆ្នាំ២០២២ នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី១ ដែលអាជ្ញាធរមីន បានផ្តល់ជូនកងកម្លាំងបោសសម្អាតមីនកងទ័ពជើងគោក។

លោកបន្តទៀតថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ កងទ័ពជើងគោក មានគម្រោងរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលបន្ថែមជូនកងកម្លាំង ២៩កង នៃតំបន់ភូមិភាគ៥ និងបន្តរៀបចំវគ្គបណ្តុះបណ្តាលតាមការចាំបាច់ ដែលវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានកងទ័ពជើង ត្រូវការជាចាំបាច់នូវក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងជំនាញបច្ចេកទេសពីប្រតិបត្តិករដោះមីនជាតិរបស់យើង។

ថ្លែងក្នុងពិធីបិទវគ្គ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ការងារបោសសម្អាតមីននៅកម្ពុជា មានវិសាលភាពធំធេង និងស្មុគស្មា្ញណាស់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយ និងផែនការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ហើយការចូលរួមរបស់កងទ័ពជើងគោកក្នុងការងារសកម្មភាពមីនមនុស្សធម៌ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមសម្រេចបាននូវទស្សនវិស័យនេះ។ សម្តេចតេជោ ពិតជាចង់ឃើញបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ទទួលបាននូវដីប្រកបដោយសុវត្ថិភាព និងស្នាមញញឹមទាំងអស់គ្នា។

លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យក្រុមគ្រូបង្គោលអាជ្ញាធរមីនបន្តចែករំលែកបទពិសោធន៍ និងផ្តល់នូវខ្លឹមសារសម្រាប់វគ្គបណ្តុះបណ្តាលឲ្យកាន់តែស៊ីជម្រៅបន្តែមទៀតដល់កងកម្លាំងបោសសម្អាតមីនរបស់កងទ័ពជើងគោក ព្រមទាំងបានជម្រុញឲ្យមានការរៀបចំវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសជាក់ស្តែងនៅទីវាលលើការងារបោសសម្អាតមីននេះផងដែរ។

លោកបន្តទៀតថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងការសម្រេចពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លើការចូលរួមពីកម្លាំងកងទ័ព ជើងគោក បញ្ហាប្រឈមនៃកង្វះធនធានមនុស្សក្នុងការងារបោសសម្អាតមីន ត្រូវបានដោះស្រាយ ហើយអាជ្ញាធរមីនបានត្រៀមខ្លួចគ្រប់ពេលវេលា ដើម្បីគាំទ្រនិងផ្តល់នូវជំនាញបច្ចេកទេស និងសម្ភារៈជូនដល់កងទ័ពជើង។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងបានបញ្ជូននូវកងកម្លាំងកងទ័ពជើងគោកចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាអាចសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ទាន់ពេលវេលា៕