(បាត់ដំបង)៖ អ្នកកាសែត២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ដើរអុកឡុកកន្លែងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋខុសពីក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកកាសែតទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះរួមមាន ទី១៖ឈ្មោះ ឯម សុវិសាល អាយុ៣១ឆ្នាំ នាយកអង្គភាពសារព័ត៌មាន TNC និងទី២៖ឈ្មោះ ឯម សុវិសិដ្ឋ អាយុ៣១ឆ្នាំ នាយកអង្គភាពសារព័ត៌មាន CPN។

ពាក់ព័ន្ធករណីនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងពីរនាក់នេះ ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ឃុំខ្លួនម្ដងមកហើយ ពាក់ព័ន្ធការក្លែងបន្លំខ្លួនជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមេព្រៃ ឬបន្លំជាមន្ដ្រីស្ថាប័នផ្សេងៗ ដើម្បីដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋប្រកបអាជីវកម្ម។

លោក ខៀវ កាញារីទ្ធ ក៏ទើបចេញសេចក្ដីសម្រេចតែងតាំងប្រគល់ភារកិច្ច ជូនលោក ប៉ែន បូណា ដែលទើបតែទទួលតំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ឲ្យទទួលបន្ទុកការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មានផងដែរ។

កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ធ្លាប់បានណែនាំឲ្យក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញ មកអប់រំ ណែនាំរឿងក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕